ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រអាមេរិកបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់បង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិកនឹងចិន

ចែករំលែក៖

នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ តំណាងរាស្ត្រអាមេរិកម្នាក់មកពីគណៈកម្មការពាណិជ្ជកម្ម និងយោធានៃរដ្ឋសភាអាមេរិកបានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ បើទោះបីមានការជំទាស់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងក្តី។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៦ខែសីហាឆ្នាំ២០២២ បានផ្សាយថា នេះជាដំណើរទស្សនកិច្ចជាលើកទី៣ដោយឥស្សរជនអាមេរិកក្នុងខែសីហានេះ។ វីដេអូផ្សាយផ្ទាល់ពីអាកាសយានដ្ឋាន Songshan បានបង្ហាញថា សមាជិកព្រឹទ្ធសភាអាមេរិក គឺលោកស្រី Marsha Blackburn បានទៅដល់រដ្ឋធានីតៃប៉ិ ដោយជិះយន្តហោះយោធាអាមេរិក ហើយលោក Douglas Hsu អគ្គនាយកនៃក្រសួងការបរទេសតៃវ៉ាន់បានរង់ចាំទទួល ស្វាគមន៍វត្តមានរបស់លោកស្រីនៅឯអាកាសយានដ្ឋានតែម្តង។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី ប្លែកប៊ឺន បានគូសបញ្ជាក់ថា «តៃវ៉ាន់គឺជាដៃគូដ៏រឹងមាំបំផុត របស់យើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាប្រចាំមកកាន់ទីក្រុងតៃប៉ិ គឺជាគោលនយោបាយយូរអង្វែងរបស់សហរដ្ឋអាមេរិក។ ខ្ញុំនឹងមិនចាញ់សម្លុតរបស់ចិនជុំវិញសម្ព័ន្ធភាពជាមួយដែនកោះនេះឡើយ»។
ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា អំឡុងពេលនៃដំណើរទស្សនកិច្ចដែលនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍សប្តាហ៍នេះ លោកស្រីប្លែកប៊ឺន នឹងត្រូវជួបជាមួយមេដឹកនាំតៃវ៉ាន់លោកស្រីTsai Ing-wen ក៏ដូចជាមន្ត្រីសន្តិសុខកំពូលលោក Wellington Koo និងរដ្ឋមន្ត្រីការបរទេស លោក Joseph Wu ផងដែរ។ ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈយោបល់គ្នាយ៉ាងទូលំទូលាយលើបញ្ហាដូចជាសន្តិសុខតៃវ៉ាន់-សហរដ្ឋអាមេរិក និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោកស្រី ប្លែកប៊ឺន មកពីគណបក្សសាធារណរដ្ឋបានសម្តែងការគាំទ្រសម្រាប់ការធ្វើដំណើររបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ប៉េឡូស៉ី នៅឯកោះតៃវ៉ាន់ កាលពីដើមខែសីហានេះ ដែលបានបង្កការខឹងសម្បាជាខ្លាំងពីសំណាក់ទីក្រុងប៉េកាំង។ ជុំវិញដំណើរទស្សនកិច្ចថ្មីមួយទៀតរបស់មន្រ្តីជាន់ខ្ពស់អាមេរិកខាងលើនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោកLiu Pengyu បានប្តេជ្ញាថាទីក្រុងប៉េកាំងនឹងចាត់វិធានការណាមួយដើម្បីឆ្លើយតបទៅនឹង «ការបង្កហេតុ» របស់សហរដ្ឋអាមេរិក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​Focus Taiwan


ចែករំលែក៖