ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសម្នាក់ខណៈបើកម៉ូតូគេចពីរថយន្តបើកថយចេញពីផ្ទះជ្រុលទៅបុកខឿនសួនច្បារបណ្តាលឱ្យដួលត្រូវរថយន្តបែនដឹកដីបើកមកកិនពីលើ

ចែករំលែក៖

   ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសខណៈបើកម៉ូតូឌុបគ្នាគេចពីរថយន្តដែលបើកថយចេញពីផ្ទះធ្វើឱ្យជ្រុលទៅបុកខឿនសួនពុះចែកទ្រូងផ្លូវធ្វើឱ្យអ្នកជិះពីក្រោយខ្ទាតទៅផ្លូវម្ខាងទៀតស្របពេលមានរថយន្តបែនដឹកដីបើកបញ្ច្រាសទិសគ្នាមកកិនពីលើ។

    ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃទី២៦ខែសីហាឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ   ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឡេង ចាន់ថន អាយុ១៩ឆ្នាំ មុខរបរកម្មករ(ជួសជុលផ្លូវថ្នល់) មានស្រុកកំណើតនៅឃុំរមាស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JI-3720 ឌុបគ្នាតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតក៏ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងបើកថយក្រោយចេញពីផ្ទះ។ ឃើញដូច្នេះអ្នកបើកម៉ូតូក៏បានគេចមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលខ្ទាតអ្នកជិះពីក្រោយទៅផ្លូវម្ខាងទៀត ស្របពេលមានរថយន្តដឹកខ្សាច់មួយគ្រឿងមិនចាំម៉ាក បើកមកដល់ក៏កិនចំខ្លួននឹងក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ឯអ្នកបើកបររបួសស្រាល ចំណែករថយន្តដឹកខ្សាច់បានបើករត់គេចបាត់ទៅ។

   បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញចរាចរណ៍ចុះមកវាស់វែង នឹងធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖