ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាឡើងជោកបើករថយន្តJeep បុករះម៉ូតូពីរគ្រឿងកំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តសេរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករះម៉ូតូពីរគ្រឿងដែលកំពុងឈប់ភ្លើងស្តុបពីក្រោយទាំងកំរោល បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់និងស្រាល៣នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវលេខ៣១៥ កែងនឹងផ្លូវលេខ៥៩៨ ត្រង់ចំណុចភ្លើងស្តុបត្រឡោកបែក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តស៊េរីទំនើបម៉ាក Jeep ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BP-7898 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១៥ពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករះម៉ូតូពីរគ្រឿងដែលកំពុងឈប់ភ្លើងស្តុបពីក្រោយទាំងកំរោល បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់និងស្រាល៣នាក់។ ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកជនរងគ្រោះយកទៅសង្គ្រោះភាមៗ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុនិងបានឃាត់ម្ចាស់រថយន្តបង្ករង់ចាំប្រគល់ឱ្យមន្ត្រីជំនាញចរាចរណ៍ក្រុង និងធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖