ព័ត៌មានទាន់ហេតុការណ៍៖

ឡំប្រឺតាបុកជាមួយរថយន្តព្រូស បណ្ដាលឱ្យក្រឡាប់ផ្ងារជើង និងធ្វើឱ្យតៃកុងឡំប្រឺតារងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ បន្ទាប់ពីបើកឡំប្រឺតាបត់ឆ្លងផ្លូវទៅបុករថយន្តម៉ាកតូយ៉ូតា ព្រូស មួយគ្រឿងបណ្ដាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាង កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BB-4073 ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីតពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានឡំប្រឺតា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ-2995 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នា រួចបត់ឆ្លងផ្លូវមកឆ្វេងដៃ ទៅបុករថយន្តតូយ៉ូតាព្រូសពីចំហៀងពេញទំហឹង បណ្ដាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាង និងធ្វើឱ្យតៃកុងឡំប្រឺតារងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ភ្លាមៗ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តនិងឡំប្រឺតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖