ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ពន្លាតដែនតាមស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ១៤នាក់ដល់រាជធានីភ្នំពេញនិងខេត្តកណ្តាល

ចែករំលែក៖

  ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី  ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) និងមានកិច្ចសហការបន្តបន្ទាប់ចំនួន០៤គោលដៅ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៤នាក់(ស្រី០២នាក់) ៖

.គោលដៅទី០១ នៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២នៅវេលាម៉ោង ១៣ និង ៣០ នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគោករវៀង ឃុំគោករវៀងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៩នាក់(ស្រី០១នាក់)។

សមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយសម្រាប់ និងទូរស័ព្ទដៃចំនួន ០៩គ្រឿង ។

 .គោលដៅទី០២ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២  សមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការទៅសហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាលធ្វើការឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្តចំនួន ០៤នាក់(ស្រី០១នាក់)

សមត្ថកិច្ចយើងដកហូតវត្ថុតាងមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង។

.គោលដៅទី០៣  ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧៖៣០នាទី តាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការទៅសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រាជាធានីភ្នំពេញ សមត្ថកិច្ចយើងបានធ្វើការឆែកឆេបន្ទប់ជួលស្ថិតនៅផ្លូវលេខ២៩៩ផ្ទះលេខ១៥ សង្កាត់បឹងកងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាបន្ទប់របស់ជនសង្ស័យ។

សមត្ថកិច្ចយើងឆែកឆេរកឃើញវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០១ដុំនិង០១កញ្ចប់និងថង់វេចខ្ចប់០១ចំនួនធំ។ 

.គោលដៅទី០៤ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩៖៣០នាទី តាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការទៅសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចយើងបានបន្តទៅធ្វើការឃាត់ខ្លួនបានចំនួន០១នាក់(ប្រុស)។

សមត្ថកិច្ចយើងដកហូតវត្ថុតាងមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៩កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមទាំង០៤គោលដៅ មាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៣១កញ្ចប់(ដុំធំមួយកញ្ចប់) ថង់វេចខ្ចប់មួយចំនួនធំ និងទូរស័ព្ទដៃចំនួន១៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ចងក្រងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖