នៅថ្ងៃទី២៨ខែសីហា ឥណ្ឌា បានបំផ្លាញអគារភ្លោះសាងសង់ខុសច្បាប់នៅជាយទីក្រុងញូវដេលី ។ ការបំផ្ទុះកម្ទេចអគារនោះត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិឥណ្ឌាផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា មន្ត្រីក្នុងតំបន់បានជម្លៀសពលរដ្ឋរស់នៅក្បែរៗនោះរាប់ពាន់នាក់ចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព មុនពេលបំផ្ទុះអគារមានកម្ពស់៤០ជាន់។
អគារខុនដូភ្លោះមានកម្ពស់ ១០៣ម៉ែត្រ ត្រូវបានបំផ្ទុះកម្ទេចនាថ្ងៃទី២៨ខែសីហា ដោយប្រើពេលតែ១២វិនាទីប៉ុណ្ណោះ អគារ៤០ជាន់ក្លាយទៅជាគំនរបាក់បែក ។ កាលពីឆ្នាំ២០២១អគារភ្លោះនោះត្រូវបានតុលាការឥណ្ឌាចេញសេចក្តីសម្រេចថា អគារនោះបានសាងសង់ខុសច្បាប់ ដោយត្រូវកម្ទេចចោល។
ការបំផ្លាញអគ្គារនោះត្រូវប្រើប្រាស់រំសេវ៣៧០០គីឡូក្រាម ។ អគារភ្លោះមានឈ្មោះ Apex និង Ceyane ស្ថិតនៅផ្លូវល្បឿនលឿនតភ្ជាប់រដ្ឋ Uttar Pradesh និងរដ្ឋធានីញូវដេលី។
បើទោះបីការសាងសង់អគារខុសច្បាប់កើតមានជាច្រើនក្នុងប្រទេសឥណ្ឌាក្តី ប៉ុន្តែការបំផ្លាញ
អគារធំៗដែលមានកម្ពស់ច្រើនជាន់ដូចជាពេលនេះគឺមិនមានឡើយ ។ ពលរដ្ឋរស់នៅក្នុងតំបន់បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់ដោយការបំផ្លាញអគារខាងលើ៕ ដោយ៖ ធីរីណា
រូបថត ៖ hanoitv.vn
រូបថត ៖ aa.com