ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ មើលយ៉ាងម៉េចទើបដឹងថាត្មាតណាជាប្រភេទណា?

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ នៅក្នុងប្រទេសកម្ពុជាមានសត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទសត្វស្លាបកម្រ និងជិតផុតពូជបំផុត ក្នុងប្រទេសកម្ពុជា។ សត្វត្មាតទាំងបីប្រភេទនេះកំពុងរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងការបំពុលជាដើម។

ត្មាតត្នោត (slender-billed vulture) មានកម្ពស់ពី ៨១ ទៅ ១០៣ស.ម.។ ដងខ្លួនរបស់វាមានពណ៌ខ្សាច់ រីឯក្បាល និងកវែងមានពណ៌ខ្មៅ និងចុងខ្នងពណ៌ស ហើយពេលហើរស្លាបមានពណ៌ខ្មៅ។ គេច្រើនប្រទះឃើញត្មាតត្នោតនៅតំបន់ព្រៃល្បោះភាគឧត្តរនៃប្រទេសកម្ពុជាជាពិសេសមាននៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី។ ពួកវារស់នៅ និងស៊ីសាកសពសត្វជាអាហារ។ ពូកវាមានវត្តមានពេញមួយឆ្នាំ ហើយរដូវបន្តពូជរបស់ត្មាតត្នោត គឺចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយរដូវមានពងកូនចំនួន ១ ។

ត្មាតភ្លើង (red-headed vulture) មានកម្ពស់ពី ៧៦ ទៅ ៨៦ ស.ម។ វាមានដងខ្លួនពណ៌ខ្មៅ ឯក្បាល និងជើងពណ៌ក្រហម ហើយភ្លៅរបស់វាមានរោមពណ៌ស និងមានឆ្នូតសតាមបណ្ដោយកណ្ដាលស្លាបផ្នែកខាងក្រោម។ ញីមានភ្នែកពណ៌ខ្មៅ និងឈ្មោលមានភ្នែកពណ៌លឿង។ ទីជម្រករបស់វាគឺតំបន់ព្រៃល្បោះដែលមានអូរ នៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី នៃប្រទេសកម្ពុជា។ គេឃើញមានវត្តមានរបស់ត្មាតភ្លើងពេញមួយឆ្នាំ ហើយរដូវបន្តពូជរបស់ត្មាតភ្លើងគឺចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយរដូវមានពងកូនចំនួន១ ។

ត្មាតផេះ (white-rumped vulture) មានកម្ពស់ពី ៧៥ ទៅ ៨៥ ស.ម។ ត្មាតផេះពេញវ័យមាន ស្លាបពណ៌ស ក្បាល និងក ពណ៌ប្រផេះ ហើយដងខ្លួនមានពណ៌ខ្មៅ។ ត្មាតផេះមានទីជម្រកនៅតំបន់ព្រៃលម្ហ និងតាមជ្រលងភ្នំ ភាគច្រើនមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី នៃប្រទេសកម្ពុជា។ ពួកវារស់នៅ និងស៊ីសាកសពសត្វជាអាហារ។ គេឃើញមានវត្តមានរបស់ត្មាតភ្លើងពេញមួយឆ្នាំ ហើយរដូវបន្តពូជរបស់ត្មាតភ្លើង គឺចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយរដូវមានពងកូនចំនួន ១។

រួមគ្នាការពារសត្វត្មាតដោយមិនបរិភោគសាច់សត្វព្រៃ បញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ និងបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ៕

ដោយ​៖សហការី​


ចែករំលែក៖