ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវចាក់បេតុង ១ខ្សែ មានប្រវែងជិត ១ពាន់ម៉ែត្រ ស្ថិតនៅក្នុងក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ៖ បើ​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ បានឱ្យដឹងថា​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោក ឈួ សុធា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង ០១ខ្សែ ចាប់ពីចំណុចផ្លូវលេខ២១ ដល់វិមានឯករាជ្យ ស្ថិតនៅផ្លូវខេត្តលេខ១៤A ឆ្លងកាត់ភូមិង្នល់បែក សង្កាត់រកាក្រៅ និងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ដែលមានប្រវែង ៨៨៧ម៉ែត្រ និងទទឹង ៧ម៉ែត្រ ដែលជាគម្រោងថវិការបស់រដ្ឋបាលខេត្ត​ កាលពីរសៀលថ្ងៃទី៣១ ខែសីហាម្សិលមិញនេះ​។ 

លោក អ៊ូច ភា អភិបាលខេត្ត ក៏ធ្វើការណែនាំដល់មន្ត្រីជំនាញរួមជាមួយនឹង ក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវបេតុងមួយខ្សែនេះ សូមបង្កើនការយកចិត្តទុកដាក់ និងពន្លឿនការស្ថាបនាឱ្យបានឆាប់រហ័សជាពិសេសត្រូវស្ថាបនា ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានានូវគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង។

បន្ថែមពីនេះដែរ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅនៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែនេះ សូមបងប្អូនចូលរួមយកចិត្តទុកដាក់ខ្ពស់ថែរក្សាទាំងអស់គ្នា ដើម្បីប្រើប្រាស់តកូនចៅយូរអង្វែងតរៀងទៅ។

ជាមួយគ្នានេះដែរ តំណាងបងប្អូនប្រជាពលរដ្ឋ មានក្ដីសប្បាយរីករាយ ព្រមទាំងធ្វើការថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេស លោក អ៊ូច ភា អភិបាលខេត្ត ដែលបានគិតគូរយកចិត្តទុកដាក់ ជួយស្ថាបនាផ្លូវបេតុងមួយខ្សែនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពួកគាត់ជាប្រចាំថ្ងៃ៕

ដោយ​៖សហការី​


ចែករំលែក៖