ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកបន្ទាយស្រីបញ្ជាក់ថា ចំនួនអ្នកចាកចេញពីចម្ការរបស់លោកខឹមវាសនាកាន់តែច្រើនឡើង

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២នេះថា ការចាកចេញរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងចម្ការជាមួយលោក ខឹម វាសនា នាភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកនេះគឺឃើញថា មានច្រើនជាងថ្ងៃមុនៗបន្ទាប់ពីក្រុមការងារតំណាងឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន៦នាក់បានធ្វើកិច្ចសន្យា ទទួលស្គាល់កំហុស និងធានាអះអាងថា នឹងឱ្យប្រជាពលរដ្ឋស្នាក់នៅចម្ការនេះ  ចាកចេញទៅផ្ទះវិញឱ្យអស់ត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២២នេះរួចមក ប៉ុន្តែអាជ្ញាធរមិនទាន់ប្រាដកថា ចំនួនប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងចម្ការនេះ មានប៉ុន្មានទៀតនោះទេ។ 

អ្នកដែលបានចេញមកព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២ នេះ ភាគច្រើនឃើញមនុស្សចាស់ៗ និងក្មេងតូចៗ ហើយមានសភាពស្លេកស្លាំង និងសុខភាពមិនសូវល្អ ដែលបញ្ហាទាំងនេះ បានធ្វើឱ្យអាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងបន្តស្នាក់នៅក្នុងនោះ ព្រោះពួកគាត់នៅប្រមូលផ្តុំគ្នាច្រើន អាចប្រឈមនឹងឆ្លងជំងឺកូវីដ-១៩ផងដែរ។

គួរបញ្ជាក់ថា បុរស៦នាក់ បានចេញមកសារភាពថា ពួកគេពិតជាបានធ្វើចលនាកៀរគរមនុស្សទៅប្រមូលផ្តុំគ្នានៅដីចម្ការស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់។ ជាមួយការចេញមកសារភាពនេះ ជនទាំង៦នាក់នេះ បានសន្យារំសាយការជួបជុំ ព្រមទាំងរុះរើរោងដែលបានសង់ទាំងអស់នោះផងដែរ។

ជនទាំង៦រូបនេះសន្យាថា ពួកគេនឹងប្រកាសឱ្យប្រជា ពលរដ្ឋរំសាយការជួបជុំ ការរស់នៅលើដីចម្ការទាំងពីរទីតាំងខាងលើ។ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញ គឺសូមឱ្យអាជ្ញាធរចាត់ការទៅតាមច្បាប់។ ពួកគេក៏ប្រកាសបញ្ឈប់ឱ្យធ្វើការរារាំងផ្លូវចេញចូល និងឈប់ប្រើវិទ្យុទាក់ទង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចចាប់ពីពេលនេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ឱកាសដល់មេចលនានៃការប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការខាងលើ ដោយមិនប្រើកងកម្លាំងទៅបំបែកការជួបជុំ ឬវិធានការច្បាប់អ្វីនោះឡើយ។ សម្តេចតេជោ បានផ្តល់លទ្ធភាពដល់ពួកគេរំសាយការជួបជុំ និងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

សម្តេចតេជោ ថែមទាំងបានណែនាំអាជ្ញាធរត្រៀមរថយន្ត និងស្បៀងអាហារ ដឹកប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋានពួកគេវិញថែមទៀតផង សម្រាប់អ្នកមិនមានមធ្យោបាយត្រឡប់ទៅវិញ៕

ដោយ៖ សូរិយា


ចែករំលែក៖