ភ្នំពេញ៖ ថ្លែងនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ៖ បានដាក់ផែនការឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង១០ ត្រូវតែចុះមើលផ្លូវ។
ជាក់ស្ដែងការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌទួលគោក សហការជាមួយ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ បានចុះជួសជុល ផ្លូវជង្ហុកសំបុកមាន់ ចំនួន ពីរកន្លែង ស្ថិតនៅផ្លូវ១១២ កែង ផ្លូវ២៣៣ និងផ្លូវ ១១៨ កែងផ្លូវ២៣៣ មានទំហំ ១៥ម៉ែត្រក្រឡា ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ ឱ្យមានសុខសុវត្ថិភាព កាត់បន្ថយការកកស្ទះ និងបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបដែរថា លោក ជា ពិសី អភិបាលខណ្ឌ កាលពីថ្ងៃទី១ ខែកញ្ញាថ្មីៗនេះ បានដឹកនាំ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌទួលគោក និងកម្លាំងសណ្ដាប់ធ្នាប់ ចុះមើលផ្លូវ និងជួសជុល ផ្លូវ ដែលមានជង្ហុកសំបុកមាន់ ក្នុងសង្កាត់ទឹកល្អក់ទី១ ព្រមទាំងដាក់គម្របលូ នៅក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ឱ្យមានសុខសុវត្ថិភាព បង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស ការពារការកកស្ទះលូដោយសារសំរាមហូរចូលផងដែរ។
ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ,លោកប្រធានការិយាល័យសាធារណការខណ្ឌ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់បឹងសាឡាង ចុះត្រួតពិនិត្យការស្ដារប្រឡាយបឹងសាឡាង (ផ្នែកខាងលើ) ពីផ្លូវ២៣០ ដល់ ៣៣៦ ស្ថិតនៅភូមិទី១០ សង្កាត់បឹងសាឡាង ដែលមានប្រវែងប្រមាណជិត៣០០ម៉ែត្រ ដើម្បីបើកផ្លូវទឹកឱ្យហូរលឿនជាងមុន និងអាចកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សា នៅផ្លូវ២៤៥ និង២៣០។
ឆ្លៀតឱកាសនោះ លោកអភិបាលខណ្ឌ បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រខាងលើផងដែរ៕
ដោយ៖សហការី