ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជា​ ពិសី ៖ ដាក់​ផែន​ការឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទាំង​១០ ត្រូវតែ​ចុះ​មើលផ្លូវ​

ចែករំលែក៖

 ភ្នំពេញ​៖​ ថ្លែង​នៅ​ក្នុង​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ ជា​ ពិសី​ អភិបាល​ នៃគណៈអភិបាលខណ្ឌទួលគោក​ ​នៅ​រសៀលថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២នេះ៖​ បានដាក់​ផែន​ការឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទាំង​១០ ត្រូវតែ​ចុះ​មើលផ្លូវ​។ 

ជាក់ស្ដែង​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌទួលគោក សហការ​ជាមួយ រដ្ឋបាល​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ បាន​ចុះ​ជួសជុល ផ្លូវ​ជង្ហុក​សំបុកមាន់ ចំនួន ពីរ​កន្លែង ស្ថិតនៅ​ផ្លូវ​១១២ កែង ផ្លូវ​២៣៣ និង​ផ្លូវ ១១៨ កែង​ផ្លូវ​២៣៣ មាន​ទំហំ ១៥​ម៉ែត្រក្រឡា ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​សុខ​សុវត្ថិភាព កាត់បន្ថយ​ការកកស្ទះ និង​បង្ការ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។ 

សូមជម្រាបដែរថា​ លោក​ ជា ពិសី អភិបាលខណ្ឌ កាលពីថ្ងៃទី១ ខែកញ្ញាថ្មីៗនេះ​ បានដឹកនាំ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌទួលគោក និងកម្លាំងសណ្ដាប់ធ្នាប់ ចុះមើលផ្លូវ និងជួសជុល ផ្លូវ ដែលមានជង្ហុកសំបុកមាន់ ក្នុងសង្កាត់ទឹកល្អក់ទី១ ព្រមទាំងដាក់គម្របលូ នៅក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ឱ្យមានសុខសុវត្ថិភាព បង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស ការពារការកកស្ទះលូដោយសារសំរាមហូរចូលផងដែរ។ 

ជាមួយគ្នានោះ​ លោកអភិបាលខណ្ឌ​ ,លោកប្រធានការិយាល័យសាធារណការខណ្ឌ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់បឹងសាឡាង ចុះត្រួតពិនិត្យការស្ដារប្រឡាយបឹងសាឡាង (ផ្នែកខាងលើ)  ពីផ្លូវ២៣០ ដល់ ៣៣៦ ស្ថិតនៅភូមិទី១០ សង្កាត់បឹងសាឡាង ដែលមានប្រវែងប្រមាណជិត៣០០ម៉ែត្រ ដើម្បីបើកផ្លូវទឹកឱ្យហូរលឿនជាងមុន និងអាចកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សា នៅផ្លូវ២៤៥ និង២៣០។ 

ឆ្លៀតឱកាសនោះ លោកអភិបាលខណ្ឌ បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រខាងលើផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖