ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងការងារថា មានពលករខ្មែរនៅប្រទេសកូរ៉េនិងជប៉ុនប្រមាណ៥០០នាក់បានវិលត្រឡប់ចូលស្រុកដោយចាញ់ការឃោសនារបស់លោកខឹម វាសនា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ាន់ប្រមាណថា មានពលករធ្វើការនៅក្រៅប្រទេសប្រមាណ៥០០នាក់បានវិលត្រឡប់ចូលក្នុងប្រទេសតាមការអំពាវនាវរបស់លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ តែបន្ទាប់ពីការអំពាវនាវនិងពន្យល់របស់ក្រសួងការងារក៏ដូចជាស្ថានទូតកម្ពុជាប្រចាំនៅប្រទេសទាំងនោះ ចាប់ពីថ្ងៃទី២៧ខែសីហាមិនមានពលករវិលត្រឡប់មកទៀតនោះទេ។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថារហូតមកដល់ពេលនេះមិនមានពលករខ្មែរនៅក្រៅប្រទេសណាម្នាក់បានវិលត្រឡប់មកស្រុកកំណត់វិញតាមការឃោសនារបស់លោក ខឹម វាសនា ជាបន្តទៀតនោះទេ។ លោកបន្តថា មានពលករចាញ់ការឃោសនារបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរត់ចោលការងារត្រឡប់ចូលក្នុងប្រទេសដោយកុហកថៅកែរោងចក្រក្នុងហេតុផលផ្សេងៗ។

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសចូល រួមក្នុងពិធីបើកយុទ្ធនាការជិះដើម្បីមិត្តយើងរបស់សមាគមមិត្តយើងនៅកោះពេជ្រ លោក ហេង សួរ បានប្រាប់អ្នកកាសែតថា «មកដល់ពេលនេះពាក់ព័ន្ធទៅនឹងការឃោសនាអបិយជំនឿហួស​ហេតុរបស់លោក ខឹម វាសនា មិនមានពលករខ្មែរធ្វើការនៅប្រទេសថៃ នៅកូរ៉េ និងនៅជប៉ុនបានឆ្លងដែន និងធ្វើដំណើរ​មកស្រុកទៀតទេ មានតែនៅចន្លោះថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែសីហា ប៉ុណ្ណោះ ហើយចាប់ពីថ្ងៃទី២៧ ខែសីហា មកមិនមានទៀតទេ»។

លោករដ្ឋលេខាធិការបានបន្តទៀតថា ការដែលមិនមានពលករមកស្រុកនេះ បន្ទាប់ពីអ្នកលេងតាមហ្វេសប៊ុកបានអំពាវនាវ និង ចែក​ចាយព័ត៌មាន និងរូបភាពផ្សេងៗនិងពន្យល់ណែនាំទៅឃើញថា បងប្អូនពលករខ្មែរយើងបានយល់ និងភ្ញាក់ខ្លួនមិនបានបន្តវិលត្រឡប់ចូលមកស្រុកវិញតាមការអំពាវនាវរបស់លោក ខឹម វាសនា ជាបន្តទៀត។ លោកបានឱ្យដឹងទៀតថា មានពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រមាណជាង៥០០នាក់បានវិលត្រឡប់មកស្រុកវិញ តាមការឃោសនារបស់លោក ខឹម វាសនា ក្នុងនោះមានពលករធ្វើការនៅកូរ៉េប្រមាណជាង៤០០នាក់ និងប្រមាណ១០០នាក់ទៀតធ្វើការនៅជប៉ុនពាក់​ព័ន្ធ​នឹងការ​អំពាវ​នាវ​របស់​ប្រធាន​គណ​បក្ស សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ​លោក ខឹម វាស​នា ដែល​ថា ទឹក​នឹង​ជន់​លិច​ពិភព​លោក​ទាំង​មូល។​ លោកបាន​បន្ថែម​ថា ​ពលករ​ខ្មែរ​ទាំង​នោះ ខ្លះ​សុំ​ច្បាប់​ថៅ​កែ​ថា ឪពុក​ម្តាយ​ឈឺ​ធ្ងន់ និង​ខ្លះ​ទៀត​សុំច្បាប់​ថៅ​កែ​ឈប់​មិន​បាន​ក៏​ពួក​គេសម្រេច​ចិត្ត​បោះ​បង់​ការងារចោល ​និង​ត្រឡប់​មក​កម្ពុជា​វិញ។

លោក​ ហេង សួរ ​បានបញ្ជាក់​ថា ករណីនេះ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​កូរ៉េមួ​យ​ចំនួន​បាន​ប្តឹង​ទៅ​ក្រសួង​ការ​ងារ​កូរ៉េដោយ​ស្នើ​ឱ្យ​កាត់​បន្ថយ​ពលករ​របស់កម្ពុជា។តែលោក​មិន​អាច​បញ្ជាក់​ថា ​តើ​មាន​ចំនួន​ក្រុម​ហ៊ុន​ប៉ុន្មាន​ទេ​ដែល​បាន​ប្តឹង​ទៅ​ក្រសួង​ការងារ​កូរ៉េ។​ លោកបានបន្ថែមទៀតថា ក្រសួង​ការងារ​បានជួប​ដោះស្រាយ​បញ្ហា​នេះ​ជា​មួយ​តំណាង​អង្គភាព​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​កូរ៉េ​ (HTD Korea) ​ដោយ​បាន​សុំទោស​រដ្ឋាភិបាល​កូរ៉េជា​ពិសេស​និយោជក​កូរ៉េដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ចលាចល​នេះ។​ ក្រសួងក៏​សំណូម​ពរ​ដល់​និយោជក​កូរ៉េ និង​ជប៉ុន​មេត្តា​យោគ​យល់​ដល់​ពល​ករ និង​សិក្ខាកាម​របស់​កម្ពុជា​ ដោយកុំ​ប្តឹង និង​ពិចារណា​ទទួល​យក​ពួក​គេវិញ​តាម​លទ្ធ​ភាព​ជាក់​ស្តែង។​

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហាសម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​​ បាន​ស្នើ​ទៅ​ក្រុម​ហ៊ុនកូរ៉េ ​ជប៉ុន ​និង​ថៃ​ កុំ​ប្តឹង​តាម​ផ្លូវ​ច្បាប់​លើ​រដ្ឋាភិបាល​កម្ពុជា និង​ពលករ​ដែល​រត់​ចោល​ការងារ​នា​ពេល​ថ្មីៗ​នេះ ព្រោះ​ពលករ​ទាំង​នោះ​ចាញ់​បោក​ការ​ឃោសនា​របស់​ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ លោក ខឹម វាសនា។ ​

សម្តេចបាន​ថ្លែង​ថា​ «សូម​កុំ​ឱ្យ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​អស់​ ដែល​មាន​ពលករ​ធ្វើការ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​សំណង​ពី​រដ្ឋា​ភិបាល​កម្ពុជា ​ឬ​ពី​បុគ្គ​លិក​ដែល​រត់​ចោល​ការងារ។ ហើយ​សូមកុំ​ផ្សារ​ភ្ជាប់​ពលករ​កម្ពុជា​ដទៃ​ទៀត​ជាមួយ​ពលករ​ដែល​ធ្វើ​កំហុស​ ដោយ​សារ​ការ​ចាញ់​បោក​សម្រាប់​ព្រះ​ព្រហ្ម​ [លោក ខឹម វាសនា តាំងខ្លួន​ជា​ព្រះ​ព្រហ្ម]​ នៅ​ប្រទេស​កម្ពុជា»។​

បើតាមលោក ហេង សួរ បច្ចុប្បន្នមានពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េមានជាង៥ម៉ឺននាក់ និងក្នុងប្រទេសជប៉ុនមានជាង១ម៉ឺន៦ពាន់នាក់៕

ដោយ៖ សូរិយា


ចែករំលែក៖