ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរកៀរប្លន់យកម៉ូតូកក្រើកខេត្តកំពង់ឆ្នាំង៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្រុមចោរប្លន់ដ៏សកម្មនៅខេត្តកំពង់ឆ្នាំងចំនួន៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តធ្វើការស្រាវជ្រាវនិងចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីក្រុមចោរទាំងនេះបានធ្វើសកម្មភាពជិះម៉ូតូកៀរផ្តួលម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងនិងស្រុកចំនួន៤ក្នុងខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំង៩នាក់ត្រូវបានសមត្ថកិច្ចបង្ហញមុខកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ 

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះមានចំនួន៩នាក់ ក្នុងនោះមាន ៖

១-ឈ្មោះភឿន មិថុនា ជាមុខសញ្ញាជិះម៉ូតូមកកៀរមូ៉តូជនរងគ្រោះឱ្យដួល រួចប្រើដាវដេញកាប់ទៅលើជនរងគ្រោះឱ្យរត់ដើម្បីយកម៉ូតូតែម្តង,២-ឈ្មោះ ស និមល, ៣-ឈ្មោះ ណន ថាន, ៤-ឈ្មោះ ងន សៀងលី,  ៥-ឈ្មោះប៊ន រស់ ,៦-ឈ្មោះ រ៉េត ឡុង, ៧-ឈ្មោះ ហូ អូន, ៨-ឈ្មោះ យ៉ាន ពិសី និង៩-ឈ្មោះ សាន់ (មិនទាន់សួរចម្លើយចប់)។ ជនសង្ស័យទាំង៩នាក់មានទីលំនៅឃុំ មា.នក  ស្រុកសាមគ្គីមានជ័យ។

លោក ឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី  ស្នងការរងបានឱ្យដឹងទៀតថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅស្រុកចំនួន៤ គឺស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុក រលាប្អៀរ ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់តាំងដើមខែកក្កដា រហូតដល់ចុងខែសីហា តែងតែធ្វើនៅពេលយប់ស្ងាត់ ពេលដែលប្រជាពលរដ្ឋជិះម៉ូតូម្នាក់ឯងតាមផ្លូវ ហើយ បក្ខពួកក្រុមនេះតែងតែបាននាំគ្នាពួនស្ទាក់ដេញកាប់ និងដេញកៀរផ្តួលម៉ូតូជនរងគ្រោះ រួចនាំគ្នាប្លន់យកម៉ូតូគេចខ្លួនបាត់ ។ 

ថ្ងៃចុងក្រោយដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពគឺកៀរម៉ូតូប្រជាពលរដ្ឋនៅភ្នំព្រះធាតុ ស្រុកសាមគ្គីមានជ័យ ។ ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានចេញប្រតិបត្តិការចុះធ្វើការស្រាវជ្រាវតាមដាន រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ទើប សមត្ថកិច្ចចាប់ខ្លួនបានក្រុមជនសង្ស័យតែម្តង ។

បច្ចុប្បន្នក្រុមជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖