ករណីឆេះហាងខារ៉ាអូខេនៅទីក្រុងប៊ិញយឿងមកទល់ពេលនេះមានអ្នកស្លាបកើនឡើងដល់៣៣នាក់ហើយ ។ នោះជាសញ្ញាប្រកាសអាសន្នដ៏ធំមួយដល់ការគ្រប់គ្រង តាមដាន និងដំណើរការហាងខារ៉ាអូខេឱ្យកាន់តែល្អជាងនេះ។
នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ៨ខែកញ្ញា មន្ទីរសុខាភិបាលខេត្ត
ប៊ិញយឿងបានឱ្យដឹងថា មានអ្នករងរបួសធ្ងន់៤នាក់កំពុងស្ថិតនៅក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ ក្នុងនោះមាន២នាក់ស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដល់ជីវិត។
អគ្គិភ័យបានឆាបឆេះជាន់ទី២ របស់អគារ KTV ខាងលើកាលពីយប់ថ្ងៃទី៦ខែកញ្ញា ដែលធ្វើឱ្យភ្ញៀវនិងបុគ្គលិកជាច្រើននាក់ត្រូវជាប់ខ្លួន ដោយរត់ចេញមកក្រៅមិនកើត ខណៈដែលភ្លើងនិងផ្សែងបានបិទខ្ទប់កាំជណ្តើររួមនឹងច្រកចេញ ។
គេហទំព័រ Cong An Nhan Dan ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាមបានរាយការណ៍ថា ចំនួនមនុស្សស្លាប់ក្នុងករណីឆេះអគារខារ៉ាអូខេខាងលើ បានកើនដល់ចំនួន៣៣នាក់ហើយ ក្នុងនោះមានបុរស១៨នាក់និងនារី១៥នាក់។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា មូលហេតុនៃគ្រោះអគ្គិភ័យនេះត្រូវបានសន្និដ្ឋានជាបឋមថា បណ្តាលមកពីបញ្ហាទុសេ្សខ្សែភ្លើង។
ខាងលើជាករណីគ្រោះអគ្គិភ័យដែលសម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រទេសវៀតណាម គិតមកទល់ត្រឹមពេលនេះ។ កាលពីឆ្នាំ២០១៨ ករណីភ្លើងឆេះអគារស្នាក់នៅមួយកន្លែងក្នុងទីក្រុងហូជីមិញ បានផ្តាច់ជីវិតមនុស្ស១៣នាក់ ខណៈដែលកាលពីឆ្នាំ២០១៦ មានមនុស្ស១៣នាក់បានស្លាប់ក្នុងហេតុការណ៍ឆេះ KTV នៅរដ្ឋធានីហាណូយ។ រីឯកាលពីខែសីហាកន្លងទៅនេះ ភ្នាក់ងារពន្លត់អគ្គិភ័យ៣នាក់បានបាត់បង់ជីវិត ក្រោយព្យាយាមពន្លត់ភ្លើងនៅឯហាងខារ៉ាអូខេមួយកន្លែងក្នុងទីក្រុងហាណូយ៕
ដោយ៖ ធីរីណា(រូបថត ៖ nhandan.vn)