ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី សាយ សំអាល់ សូមអបអរសាទរចំពោះនិស្សិតទាំងអស់ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ «សូមអបអរសាទរចំពោះនិស្សិតទាំងអស់ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយជ័យលាភីនេះគឺពិតជាមានអត្ថន័យយ៉ាងសំខាន់សម្រាប់ជីវិតនិស្សិតម្នាក់ៗ និងបង្ហាញពីសមត្ថភាពរបស់ជ័យលាភីម្នាក់ៗ»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នេះនៅទីស្តីការក្រសួងបរិស្ថាន ក្នុងឱកាសជួបសំណេះ សំណាលជាមួយនិស្សិតអាហារូនករណ៍ចំនួន ២៤ នាក់ដែលគ្រោងនឹងចាកចេញទៅបន្តការសិក្សាមុខជំនាញនានានៅប្រទេសចិននាចុងខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណរដ្ឋាភិបាលចិនដែលបានផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាលើមុខជំនាញនានា។ 

លោករដ្ឋមន្ត្រីបានលើកឡើងថាឈរលើមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្រដែលទទួលបានពីអាហារូបករណ៍នេះនឹងធ្វើឱ្យជីវិតរបស់ជ័យលាភីអាហារូបករណ៍កាន់តែមានភាពស្រស់បំព្រង និងជឿជាក់លើខ្លួនឯង ហើយជឿថានិស្សិតទាំងអស់នឹងអាចធ្វើបាន»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ត្រូវបើកចំហនិងទទួលយកនូវចំណេះដឹងនិងបទពិសោធល្អៗថ្មីៗដែលពេលទៅសិក្សានៅប្រទេសចិនដើម្បីបង្កើនចំណេះដឹងនិងបទពិសោធសម្រាប់ខ្លួនឯងនិងជំនាញរបស់ខ្លួនដើម្បី«ចូលរួមកសាងកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា»។ 

លោក សាយ សំអាល់ ក៏បានលើកទឹកចិត្តនិស្សិតទាំងអស់ឱ្យយកចិត្តទុកដាក់លើការកសាងបំណិនជីវិតដែលជាផ្នែកមួយយ៉ាងសំខាន់ធ្វើឱ្យជីវិតនិងជំនាញរបស់យើងកាន់តែមានតម្លៃខ្លាំង ដោយគូសបញ្ជាក់ថា៖«យើងត្រូវកសាងខ្លួនជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងបំពេញកាតព្វកិច្ចចំពោះជាតិនិងប្រជាជនឱ្យបានល្អ និងចូលរួមពូនជ្រុំឫសគល់សុខសន្តិភាពឱ្យកាន់តែរឹងមាំ និងផ្សារភ្ជាប់ជីវិតយើងជាមួយដំណើររបស់កម្ពុជា»៕  

ដោយ ៖ សហការី


ចែករំលែក៖