ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ បង្កើតគណៈកម្មការ ដើម្បីសិក្សាដោះស្រាយការ លិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាធ្វើយ៉ាងណា ដោះស្រាយនិងកាត់បន្ថយឲ្យ បាន ពីការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌច្បាស់អំពៅ ខណៈ តំបន់នេះនៅតែបន្ដ ទទួលរងនូវការលិចលង់ពេលមានភ្លៀងធ្លាក់ខ្លាំងមកម្តងៗ។

  ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌច្បារអំពៅនិងមន្ទីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ កញ្ញា ២០២២ នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យ អាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើត គណៈកម្មការមួយ ដែលគណៈកម្មការនេះត្រូវធ្វើការ សិក្សានៅតំបន់ច្បារអំពៅនេះឲ្យបានម៉ត់ចត់ ។ ក្រោយការសិក្សាបញ្ចប់ យើងនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់នៅក្នុងខណ្ឌច្បារអំពៅនេះ។       

     គណៈកម្មការនិងធ្វើការសិក្សាទៅលើទីតាំងចំនួន៤សំខាន់ៗ នៅក្នុងនោះរួមមាន៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រានិងព្រែកបារាំង ។

  លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អង្គការចៃកាបានធ្វើការ សិក្សាបង្កើតជាប្លង់គោលនៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥។ដូច្នេះក្រុមការងារក៏ដូចជាគណៈកម្មការត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ ២០៣៥ នេះជាគោល។

     ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិចនៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះត្រូវតែធ្វើ ដោយលោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឲ្យដឹងពីទំហំនៃការលិចលង់ ហើយយើងរួមគ្នាដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋតែម្តង។

   លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងផងដែរថា៖ ដើម្បីដោះស្រាយផ្លូវទឹក តំបន់ផ្ទៃរងទឹកភ្លៀងនីមួយៗ នៅក្នុងខណ្ឌច្បារអំពៅនេះ ឱ្យចៀសផុតពីការលិច ទឹកភ្លៀងនៅរដូវវស្សានេះត្រូវអនុវត្តវិធាន ក្នុងនោះមាន៖ វិធានការបន្ទាន់មួយ ដោយជីកប្រឡាយស្របផ្លូវ៣០ម៉ែត្រ ទទឹង២០ ម៉ែត្រ ភ្ជាប់ពីបឹងមកបឹងថ្កុល បន្តទៅប្រឡាយព្រែកប្រា ដែលមានប្រវែង ១៧២៦ម៉ែត្រ ។ ជីកស្តារប្រឡាយព្រែកប្រា អោយបាន ទទឹង២០ម៉ែត្រ ប្រវែង៩៦៥ម៉ែត្រ និងដោះស្រាយសំណង់មិនរៀបរយមួយចំនួននៅលើព្រែកប្រានេះផង ដែរ។ តែទោះបីជាយ៉ាងណាក្តី គណៈកម្មការត្រូវសិក្សាឲ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើគម្រោងទាំងនេះ ៕

ដោយ ៖ សំរិត


ចែករំលែក៖