ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុករះបង្កាន់ដៃស្ពានព្រែកក្តាមធ្លាក់ពីលើមកក្រោមស្លាប់គួរឱ្យរន្ធត់

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅវេលាម៉ោង១១ និង០៣នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ម៉ូតូមួយគ្រឿងបើកបោះពួយដូចហោះ បណ្ដាលឲ្យបុករះបង្កាន់ដៃស្ពានមិត្តភាព(កម្ពុជា-ចិន) ស្ពានព្រែកក្តាម ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូធ្លាក់ពីលើស្ពានចុះក្រោម រងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណ:បញ្ជូនដល់មន្ទីរពេទ្យ។

   មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាក SUZUKI SMASH-V ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-9145 ។

     ប្រភពដដែលបន្តថា នៅវេលាថ្ងៃ ខែឆ្នាំ កើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH-V ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BE-9145 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសដៅពីលិច ទៅកើត(ភ្នំពេញ-កំពង់ចាម) លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកទ្បើងលើស្ពានហើយក៏បុករះជាមួយនិងបង្កាន់ដៃស្ពានបណ្តាលឱ្យធ្លាក់អ្នកបើកបរម៉ូតូមកក្រោម បណ្ដាលឱ្យរងរបួសធ្ងន់(ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ)។

    សេចក្តីសន្និដ្ឋាន: ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន នៅលើស្ពានត្រង់ចំណុចផ្លូវកោង៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖