ព័ត៌មានទាន់ហេតុការណ៍៖

វិស័យពាណិជ្ជកម្មចិននិងរុស្ស៊ី កើនឡើងខ្ពស់ក្នុងខែសីហា កន្លងមក

ចែករំលែក៖

ប្រមុខដឹកនាំចិននិងរុស្ស៊ីបានជួបពិភាក្សាគ្នាដោយផ្ទាល់នៅក្នុងប្រទេសអ៊ុយបេគីស្ថាន នៅក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការទីក្រុងសៀងហៃ ។ ចិននិងរុស្ស៊ី បានខិតខំបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីជាការតបតនឹងទណ្ឌកម្មរបស់អាមេរិក និងលោកខាងលិច។
វិស័យពាណិជ្ជកម្មទ្វេភាគី ស្ថិតនៅដំណាក់កាលខ្ពស់បំផុត ក្នុងពេលដែលចិនបង្កើនការទិញប្រេងនិងធ្យូងដើម្បីដោះស្រាយវិបត្តិកង្វះថាមពល ។ ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ីបានក្លាយជាទីផ្សារប្រេងសំខាន់របស់ចិន ហើយបណ្តាក្រុមហ៊ុនចិនកំពុងតែបំពេញចន្លោះប្រហោងនៅលើទីផ្សាររុស្ស៊ីដែលក្រុមហ៊ុនលោកខាងលិចបានចាកចេញ។
តាមតួលេខរបស់នាយកដ្ឋានពន្ធដារចិនបានបញ្ជាក់ថា ទំនិញរបស់រុស្ស៊ីមកកាន់ប្រទេសចិនបានកើនឡើង៦០%ក្នុងខែសីហា ស្មើនឹង១១,២ពាន់លានដុល្លារ គឺច្រើនជាងខែកក្កដា ដែលមានតែ ៤៩%ប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ ទំនិញចិនទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើង២៦% គិតជាទឹកប្រាក់ ៨ពាន់លានដុល្លារក្នុងខែសីហា គឺកើនឡើងខ្ពស់ជាងខែកក្កដា។
ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ វិស័យពាណិជ្ជកម្មរវាងចិននឹងរុស្ស៊ី កើនឡើង៣១% គិតជាទឹកប្រាក់មានដល់ទៅ១១៧,២ពាន់លានដុល្លារ ស្មើនឹង៨០%នៃប្រាក់ចំណូលក្នុងវិស័យពាណិជ្ជកម្ម ក្នុងឆ្នាំ២០២១ ដែលមាន ១៤៧ពាន់លានដុល្លារ ។
ក្នុងពេលនេះដែរក្រុមហ៊ុន បច្ចេកវិទ្យាចិន ក្នុងនោះមានទាំងក្រុមហ៊ុនរថយន្តក៏បានវិនិយោគទៅកាន់ប្រទេសរុស្ស៊ីបំពេញចន្លោះប្រហោងដែលក្រុមហ៊ុនលោកខាងលិចបានចាកចេញពីរុស្ស៊ី ។

ក្នុងពេលនេះដែរ ប្រទេសចិននិងរុស្ស៊ី ក៏បានឈប់ប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងវិស័យពាណិជ្ជកម្ម ដោយប្រទេសទាំងពីរប្រើប្រាស់ប្រាក់នៅក្នុងប្រទេសរបស់ខ្លួន ៕ ដោយ៖ ធីរីណា

រូបថត​ ៖ Reuters

រូប​ថត​ ៖ CNN

 

 


ចែករំលែក៖