ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​បាល់ទាត់​បារាំងរងការចោទប្រកាន់លើការប្រើអាកប្បកិរិយាមិនសមរម្យចំពោះបុគ្គលិក

ចែករំលែក៖

រដ្ឋាភិបាលបារាំងកាលពីថ្ងៃសៅរ៍ ទី១៧ កញ្ញាបានបញ្ជាឱ្យធ្វើសវនកម្មសហព័ន្ធបាល់ទាត់ជាតិ (FFF) បន្ទាប់ពីប្រធានស្ថាប័នលោក Noel Le Graet ត្រូវបានកោះហៅឱ្យចូលរួមកិច្ចប្រជុំមួយក្រោយពីការចោទប្រកាន់ពីអាកប្បកិរិយាមិនសមរម្យចំពោះបុគ្គលិកស្រី។

លោក Le Graet វ័យ៨០ឆ្នាំដែលគ្រប់គ្រងបាល់ទាត់បារាំងអស់រយៈពេល១១ឆ្នាំបានជួបរដ្ឋមន្ត្រីកីឡា Amelie Oudea-Castera ដើម្បីពិភាក្សានៅក្រសួង។ បន្ទាប់មករដ្ឋាភិបាលបានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមសវនកម្មសហព័ន្ធបាល់ទាត់បារាំង។

ការធ្វើសវនកម្មនេះកើតឡើងបន្ទាប់ពីទស្សនាវដ្ដី So Foot នៅសប្តាហ៍នេះបានបោះពុម្ពផ្សាយការចោទប្រកាន់ថ្មីៗដែលថា FFF ទទួលរងពីបញ្ហាក្នុងស្ថាប័ន ហើយថាអតីតបុគ្គលិកមួយចំនួនបានចោទប្រកាន់ថា ពួកគេត្រូវបានគេប្រព្រឹត្តមិនសមរម្យ។

ប្រភពមួយបានប្រាប់ So Foot ថា ស្ត្រីជាច្រើនបានលាលែងពីសហព័ន្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែពួកគេមានអារម្មណ៍ថា “បៀតបៀនផ្លូវភេទ និងសីលធម៌ផងដែរ”។

រហូតមកដល់ពេលនេះលោក Le Graet បានបដិសេធមិនឆ្លើយតប និងមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះនៅឡើយទេ។ លោក Le Graet ត្រូវ​បាន​គេ​សរសើរ​ថា ​នឹង​ស្ដារ​ហិរញ្ញវត្ថុ​របស់ FFF ដោយ​ធានា​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ជាមួយ Nike ហើយ​ត្រូវ​បាន​គេ​សរសើរ​ចំពោះ​ការ​លើក​កម្ពស់​កីឡា​បាល់ទាត់​នារី។

សវនកម្ម និង​ការ​ចោទ​ប្រកាន់​នេះ​កើត​មាន​ឡើង​ពីរ​ខែ​មុន​ពេល​បារាំង​ចាប់​ផ្ដើម​ការ​ការពារ​ពាន​រង្វាន់ World Cup នៅ​ប្រទេស​កាតា ៕

ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)


ចែករំលែក៖