ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជវុធហត្ថបញ្ជូនជនជាតិថៃម្នាក់​ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​៖ ជនជាតិថៃម្នាក់បង្កហិង្សាដោយចេតនាត្រូវកម្លាំងអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី១៨ខែកញ្ញា​​ ឆ្នាំ​២០២២ នេះ។

 លោក នួន នីណារ៉ូ មេបញ្ជាការកម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ប្រាប់ថា ជនសង្ស័យជនជាតិថៃម្នាក់រូបនេះបានបង្កហិង្សាដោយចេតនា កាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចម្តុំដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត 

លោកបានឲ្យដឹងថា​ នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីហិង្សា បានកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ Nattapon Noocnaca(ណាតាផុន ណួកណាខា) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ឆៃយ៉ាភព ផភឿក ភេទប្រុស អាយុ២៥ឆ្នាំ បណ្តាលឱ្យរងរបួស ។ 

លោកបញ្ជាក់ថា​ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។

តាមចម្លេីយរបស់ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពប្រើកាំបិតចុងស្រួច ដងជ័រពណ៌ខ្មៅ ចាក់ ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន​។

ដោយផ្អែកតាមចម្លេីយសារ​ភាព​ រួមនឹងវត្ថុតាង​ ជនសង្ស័យ​ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ ចាត់ការបន្តតាមនីតិវិធី ។ 

លោកវរសេនីយ៍ទោ ព្រហ្ម​ ថេង​ បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ទីរស្រាជ្រាវ​ និងបង្ក្រាបបទល្មេីស​ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ៕

ដោយ ៖ វណ្ណា


ចែករំលែក៖