ខេត្តស្វាយរៀង ៖ លោកស្រី ឈុន សារឹម អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកនូវទេយ្យទាន និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះមូលដ្ឋានខេត្តស្វាយរៀង ប្រគេន ព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ(បិណ្ឌទី៩) ដល់វត្តចំនួន៩ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោក ស៊ូ ម៉ុល អភិបាលស្រុក លោកអភិបាលរងស្រុកអស់លោក លោកស្រីព្រមទាំងក្រុមការងារជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៏ថាថ្ងៃនេះជាថ្ងៃកាន់បិណ្ឌវេនទី៩ បើតាមទំនាមទំលាប់ ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារពធ្វើជារៀងរាល់ឆ្នាំ តាមបែបគន្លងព្រះពុទ្ធសាសនា ដើម្បីនាំយកនូវចង្ហាន់បិណ្ឌបាត្រ ទេយ្យទាន និងបច្ច័យផងនោះ ទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅក្នុងទីអារាមនៃវត្តនីមួយៗ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនទៅបុព្វការីជនមាន៖ មាតា បិតា ជីដូន ជីតា គ្រូអាចារ្យ វរៈជនស្នេហាជាតិ និងក្រុមញ្ញាតិ ដែលបានចែកឋានទៅ ព្រមទាំងសន្សំបុណ្យកុសល ដើម្បីខ្លួនឯង កូនចៅ និងប្រទេសជាតិ ឱ្យបានជួបនូវសេចក្តីសប្បាយជារៀងដរាបទៅ។
សូមជម្រាបជូនថា ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាបុណ្យធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ្រ។ ពីថ្ងៃ០១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌឬ ភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។
ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខកខាន តាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យអនុញ្ញាតឲ្យប្រារព្ធធ្វើឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ៕
ដោយ៖ សុថាន