ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសប្រកាសចំណាយប្រាក់បន្ថែម២,៦ពាន់លានដុល្លារជួយដល់អ៊ុយក្រែនក្នុងសង្គ្រាមតទល់ជាមួយរុស្ស៊ី

ចែករំលែក៖

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោកស្រី Liz Truss បានប្រកាសថា អង់គ្លេសនឹងផ្តល់ជំនួយយោធា ឱ្យអ៊ុយក្រែនបន្ថែមចំនួន២,៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣ ដើម្បីជួយដល់ទីក្រុងគៀវទប់ទល់ក្នុងសង្គ្រាមជាមួយរុស្ស៊ី ។
ការប្រកាសខាងលើ ត្រូវបានប្រមុខដឹកនាំអង់គ្លេសលើកឡើង ក្នុងពេលដែលលោកស្រី Liz Truss ត្រៀមបំពេញទស្សនកិច្ចទៅកាន់អាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិដែលចាប់ផ្តើមឡើងនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២។

លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសក៏បានសរសើរដល់ជ័យជម្នះរបស់កម្លាំងទាហានអ៊ុយក្រែនដែលបានដណ្តើមទឹកដីពីដៃរុស្ស៊ីមកវិញបានជាង ៣០០០គីឡូម៉ែត្រក្រឡា។ អ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ខ្លួនបានរុលទៅមុខកាន់តែជ្រៅ ចូលទៅក្នុងទឹកដីដែលរុស្ស៉ីបោះបង់ចោលនាពេលថ្មីៗនេះ ដោយបើកផ្លូវសម្រាប់ការវាយលុកលើកងកម្លាំងរបស់រុស្ស៉ីនៅក្នុងតំបន់ដុនបាស់ ខណៈដែលទីក្រុងកៀវក៏កំពុងដង្ហោយរកជំនួយអាវុធរបស់លោកខាងលិចបន្ថែមទៀត។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានគូសបញ្ជាក់តាមរយៈសារជាវីដេអូ យ៉ាងដូច្នេះថា «ពួកឈ្លានពាន ប្រាកដជាកំពុងភ័យស្លន់ស្លោ។ ឥលូវនេះកងម្លាំងរបស់យើងកំពុងបន្ថែមល្បឿនរុលចូលទៅក្នុងតំបន់ដែលត្រូវបានរំដោះ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «យើងកំពុងធ្វើគ្រប់យ៉ាងដើម្បីធានាថា តម្រូវការ អ៊ុយក្រែនត្រូវបានបំពេញគ្រប់កម្រិតទាំងវិស័យការពារជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងការទូត»។
ដោយឡែក អភិបាលតំបន់លូហាន់ លោក Serhiy Gaidai បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានកាន់កាប់ភូមិ Bilohorivka ឡើងវិញទាំងស្រុង ហើយកំពុងរៀបចំដណ្តើមយកទឹកដីទាំងអស់ក្នុងតំបន់លូហាន់ពីដៃរុស្ស៉ីមកវិញ។ នៅក្នុងសញ្ញានៃការព្រួយបារម្ភអំពីភាពជោគជ័យ របស់អ៊ុយក្រែននាពេលថ្មីៗនេះ មេដឹកនាំរបស់ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៉ីក្នុងតំបន់ដុនបាស់ បានអំពាវនាវឱ្យមានការរៀបចំធ្វើប្រជាមតិជាបន្ទាន់លើតំបន់នេះឲ្យក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ី៕

រូប​ថត​ ៖ Reuters

ដោយ៖ ធីរីណា(រូប​ថត​ ៖​ AP)


ចែករំលែក៖