ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ម៉ូតូមកពីក្រោយបុកស្លាប់ម្នាក់របួស២នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

    ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដាZoomer-X ពណ៌សលាយក្រហមបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងថ្ងៃ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥នាទីថ្ងៃទី២១  ខែកញ្ញា ឆ្នាំ ២០២២នៅចន្លោះគីឡូម៉ែត្រលេខ១៣៩និង១៤០ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ ឥន ឌឿក  អាយុ៦៣ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណេីរឈ្មោះរិន ស្រីពេជ្រ ភេទស្រីអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកម៉ាកហុងដាZoomer-x ពណ៌សលាយក្រហម ពាក់ស្លាកលេខស្វាយរៀង១M -៣៨៧៥។

     ចំណែកភាគីម្ខាងទៀតមានឈ្មោះមុី សុខឃៀង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ២០០៥  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១A-២៣៦៣ រងការខូចខាតទាំងស្រុង។

     តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាZoomer-x  ពណ៌សលាយក្រហម ពាក់ស្លាកលេខស្វាយរៀង១M-៣៨៧៥ធ្វើដំណើរក្នុងទិសដៅពីលិចទៅកេីត  ខណៈនោះក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១A-២៣៦៣បើកក្នុងទិសដៅស្របគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

     ក្រោយមកស្ត្រីឈ្មោះឥន ឌឿក ដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែអកុសលបានស្លាប់បាត់បង់ជីវិតទៅ។

    ចំណែកអ្នករងរបួសទាំង២នាក់ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ចំពោះសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ សុថាន


ចែករំលែក៖