ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា នៅភាគពាយព្យនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណ ទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឲ្យទីទំនាបជាប់ផ្លូវទឹកប្រឈមនឹងជំនន់ទឹកភ្លៀង (Flash flood)។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រុសួងធនធានទឹក និងឧតុនិយម នៅព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ ” NORU ” ដែលកើតនៅភាគខាងកើតប្រទេស ហ្វីលីពីន នឹងធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់ ។ តាមការព្យាករ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ព្យុះណូរុនឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម ។ ព្យុះនេះ នៅពេល ឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គប្រទេសឡាវ និងថៃ នៅថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ បានថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិត TS វិសម្ពាធ TD និងសម្ពាធទាប ។ ជាមួយគ្នានោះ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ ខ្យល់មូសុងនិរតី នឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ បណ្តាខេត្តនៅភាគពាយព្យ មានជាអាទិ៍ ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាបបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណ ទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឲ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រនៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង (Flash flood) និងជំនន់ដោយបរិមាណ ទឹកហួសកម្រិត (Overflow) ។ ចំណែកបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្តាខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលអាចមានភ្លៀងធ្លាក់ច្រើន ។ នៅលើផ្ទៃសមុទ្រក៏នឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។
ទន្ទឹមនេះ ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឲ្យទឹកទន្លេមេគង្គ មានការងើបកើនឡើងវិញជាបន្តបន្ទាប់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕
ដោយ៖សុខ ខេមរា