ព័ត៌មានទាន់ហេតុការណ៍៖

លក្ខខណ្ឌគួរយល់ដឹងអំពី “ការប្រើប្រាស់គន្លងផ្លូវ និងរបៀបវ៉ាជែង” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា, ផ្លូវល្បឿនលឿន ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖

-គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា 

អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

-គន្លងផ្លូវសម្រាប់ជែង

ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។

*ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

-គន្លងផ្លូវសម្រាប់ឈប់បន្ទាន់

គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។

សូមជម្រាបជូនផងដែរថា៖ “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តទៅ។

សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ៕

ដោយ : សិលា


ចែករំលែក៖