ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ៖ មនុស្សរាប់រយនាក់អាចស្លាប់ដោយសារព្យុះ Ian

ចែករំលែក៖

ប្រភពព័ត៌មានជាច្រើនបានបង្ហាញពីក្តីបារម្ភថាអាចនឹងមានមនុស្សរាប់រយនាក់ស្លាប់ ដោយសារតែព្យុះកំណាច Ian វាយប្រហាររដ្ឋផ្លរីដា អាមេរិក នាយប់ថ្ងៃទី២៨ និងព្រឹកថ្ងៃទី២៩ខែកញ្ញា (ពេលវេលាអាមេរិក)។
សារព័ត៌មាន Sputnik News បានផ្សាយថា នៅពេលនេះក្រុមមន្ត្រីជំនាញកំពុងតែវាយតម្លៃពីការខូចខាតទ្រព្យសម្បត្តិដោយខ្យល់ព្យុះនៅក្នុងរដ្ឋ ផ្លរីដា។ ប៉ុន្តែការវាយតម្លៃមានភាពយឺតយ៉ាវដោយសារតែទឹកជំនន់ទ្រង់ទ្រាយធំ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។
មានប្រសាសន៍នៅថ្ងៃទី ២៩ខែកញ្ញា មជ្ឈមណ្ឌលគ្រប់គ្រង គ្រោះអាសន្ន (FEMA) បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានចាត់ទុកព្យុះIan គឺជាគ្រោះអាសន្នទ្រង់ទ្រាយធំ ដោយបានបញ្ជាក់ថា នេះគឺជាខ្យល់ព្យុះដែលបានសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររដ្ឋផ្លរីដា ។
ប្រធានាធិបតីបៃឌិនបញ្ជាក់ថា មកទល់ពេលនេះនៅមិនទាន់អាចបញ្ជាក់ឱ្យបានច្បាប់ពីចំនួនអ្នកស្លាប់ និងការខូចខាតទ្រព្យសម្បត្តិដោយសារតែព្យុះកំណាចខាងលើនេះនៅឡើយទេ។ ជាមួយគ្នានេះដែរ លោក Carmine Marceno មន្ត្រីក្នុងរដ្ឋផ្លរីដា បានសន្និដ្ឋានថា អាចនឹងមានមនុស្សដល់ទៅរាប់រយនាក់ស្លាប់ដោយសារតែខ្យល់ព្យុះ ទឹកជំនន់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ tienphong.vn


ចែករំលែក៖