ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកលិចផ្លូវលំ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ស្ពានបាក់ស្រុត ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ និងសង្កាត់កំពុងក្របៅ ក្រុងស្ទឹងសែន ។
ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកលិចផ្លូវលំនាពេលនោះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា កន្លងមកនៅខេត្តកំពង់ធំ មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ ស្ពាន និងផ្ទះសម្បែងមួយចំនួន នៅតាមបណ្តាស្រុក/ឃុំ ក្នុងខេត្ត មានការជន់លិចដោយជំនន់ទឹកភ្លៀង តែមិនបណ្តាលឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ក្នុងការចុះពិនិត្យស្ពាន ២កន្លែង ដែលបាក់ស្រុតក្បាលស្ពាន ក្នុងនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ។
លោកអភិបាលខេត្ត បានជំរុញឱ្យមន្រ្តីជំនាញ និងអាជ្ញារធរស្រុកចុះពិនិត្យតាមដានស្ថានភាពទឹកនេះ ដើម្បី អាជ្ញាធរខេត្ត និងស្រុក ដាក់កម្លាំងការពារត្រៀមទូកសម្រាប់ចម្លងប្រជាពលរដ្ឋ ដែលងាយរងគ្រោះថ្នាក់អោយបានទាន់ពេលវេលា ។ ម្យ៉ាងទៀត ក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកនេះផងដែរ។
ទន្ទឹមនឹងនោះដែរលោក អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវបន្តខិតខំត្រៀមបង្ការការពារនូវគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ក្នុងករណីដែលប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង មានការកើនឡើងដោយជំនន់ទឹកភ្លៀង។
ចុងក្រោយលោក ងួន រតនៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុនារដូវវស្សានេះ ជាពិសេស ត្រូវចូលរួមថែទាំសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ៕
ដោយ៖កែវមន្នី