ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអ៊ុយក្រែនឆ្លងផុតរបាំងការពាររបស់រុស្ស៊ីនៅតំបន់ Kherson ឆ្ពោះចូលទៅមុខរាប់សិបគីឡូម៉ែត្រ

ចែករំលែក៖

កម្លាំងទាហានអ៊ុយក្រែនបានបង្កើនការវាយលុកទៅលើខេត្ត Kherson ដោយដណ្តើមបានទីតាំងគ្រប់គ្រងជាច្រើន ។ ប៉ុន្តែទាហានអ៊ុយក្រែនរងការខាតបង់ជាច្រើន ដោយសារតែការាយប្រហារពីមីស៊ីលរបស់រុស្ស៊ី។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៤ខែតុលា បានដកស្រង់សម្តីលោក Vladimir Saldo អភិបាលខេត្ត Kherson ដែលគ្រប់គ្រងដោយរុស្ស៊ី បានបញ្ជាក់ថា ទាហានអ៊ុយក្រែនបានបើកការវាយលុកយ៉ាងខ្លាំងនៅក្នុងតំបន់នេះ ដោយទទួលបានជោគជ័យក្នុងការគ្រប់គ្រងតំបន់មួយចំនួននៅក្នុងទីក្រុង ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ម្នាក់នៃមន្ទីរបញ្ចកោណដែលបាននិយាយនៅថ្ងៃទី៣ខែតុលាថា កងកម្លាំងអ៊ុយក្រែនកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវគោលដៅសមរភូមិសំខាន់ៗមួយចំនួន ខណៈដែលទីក្រុងកៀវកំពុងពង្រឹងជំហរយោធារបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី នៅមុនរដូវរងាចូលមកដល់។
ការវាយតម្លៃខាងលើនេះធ្វើឡើងដោយលោកស្រី Celeste Wallander ជំនួយការរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខ អន្តរជាតិ ចំពេលដែលកងកម្លាំងអ៊ុយក្រែនកំពុងរីកចម្រើនទៅមុខនៅក្នុងសមរភូមិនៃតំបន់ភាគខាងត្បូងនៃប្រទេស ដោយបានវាយរុលទៅមុខយ៉ាងលឿន តាមដងទន្លេឌីនីប្រូ (Dnipro)។
កិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់កងកម្លាំងអ៊ុយក្រែន កំពុងដំណើរការទៅមុខក្នុងតំបន់ភាគខាងត្បូងនៃតំបន់ Kherson ដែលរួមមានជោគជ័យថ្មីៗនៅទីក្រុង Kharkiv និងតំបន់ Donetsk។ កាលពីថ្ងៃសុក្រសប្តាហ៍មុន អ៊ុយក្រែនបានដណ្តើមយកមកវិញ នូវទីក្រុង Lyman ដែលជាបន្ទាយដ៏សំខាន់របស់រុស្ស៊ីនៅភាគខាងជើងតំបន់ដូណេតនោះ បានបើកផ្លូវអ៊ុយក្រែនឈានចូលជ្រៅទៅក្នុងតំបន់លូហាន់ ដែលជាផ្លូវផ្គត់ផ្គង់សំខាន់ៗទៅកាន់ទឹកដីដែលទីក្រុងមូស្គូ បានដណ្ដើមគ្រប់គ្រងកាលពីខែមិថុនា និងកក្កដា៕ ដោយ៖ ធីរីណា

រូបថត៖ RFE


ចែករំលែក៖