ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Konstantin Vorontsov នៅថ្ងៃទី៤ខែតុលា បាននិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ការណ៍ដែលអាមេរិកនៅតែបន្តផ្តល់ជំនួយអាវុធទៅឱ្យអ៊ុយក្រែន និងផ្តល់ព័ត៌មានចារកិច្ចគឺកំពុងតែឈានចូលគ្រោះថ្នាក់បន្ទាន់ ដែលអាចផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី។
សកម្មភាពខាងលើរបស់រុស្ស៊ី កើតឡើងក្រោយពេល ក្រសួងការពារជាតិអាមេរិកបានប្រកាសបន្តផ្តល់ជំនួយអាវុធមានតម្លៃដល់ទៅ ៦២៥លានដុល្លារឱ្យទៅអ៊ុយក្រែន។
លោក Vorontsov បានលើកឡើងថា សកម្មភាពរបស់អាមេរិកកំពុងតែអូសបន្លាយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងបង្កឱ្យមានអ្នកស្លាប់កាន់តែច្រើន ជាហេតុធ្វើឱ្យមានសង្គ្រាមដោយផ្ទាល់រវាងរុស្ស៊ីនឹងណាតូ ។ រុស្ស៊ីបានព្រមានជាច្រើនលើកច្រើនសាមកហើយដល់ប្រទេសលោកខាងលិច ពិសេសគឺណាតូ មិនត្រូវផ្តល់ជំនួយអាវុធដល់អ៊ុយក្រែននោះឡើយ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គីថា ទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ៦២៥លានដុល្លារដល់ទីក្រុងកៀវ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ក្នុងពេលដែលកងទ័ពអ៊ុយក្រែននៅតែបន្តភាពជឿនលឿនទៅមុខក្នុងការវាយបកលើកងទ័ពរុស្ស៉ី។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានឱ្យដឹងថា លោក ចូ បៃឌិនបានធ្វើការសន្យាបែបនេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ បើតាមសេចក្ដីថ្លែងការណ៍នេះដដែល លោក បៃឌិន ក៏បានសន្យាដែរថានឹងបន្តគាំទ្រអ៊ុយក្រែននៅក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី ដរាបណាសង្រ្គាមនៅតែបន្តកើតឡើង។ ចំណែកឯក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាកញ្ចប់យោធាដែលនឹងផ្ដល់ឱ្យ អ៊ុយក្រែន ក្នុងនោះរួមមានប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿង កាំភ្លើង Howitzers ៣២គ្រឿង ជាមួយគ្រាប់ ៧៥,០០០គ្រាប់ រថពាសដែកប្រភេទ MRAP ២០០គ្រឿង រួមទាំងឧបករណ៍ប្រឆាំងគ្រាប់មីន។
ការប្រកាសផ្ដល់ជំនួយយោធាខាងលើនឹងធ្វើឱ្យការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនពីសំណាក់សហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៦.៨ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕ ដោយ៖ ធីរីណា
រូបថត ៖ Getty
រូបថត៖ TTXVN .VN