ភ្នំពេញ ៖ ផេកផ្លូវការ ក្រសួងអប់រំយុវជននិងកីឡា នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, ក្នុងឱកាសនៃទិវាគ្រូបង្រៀន ០៥ តុលា ២០២២ នៅតាមសាលារៀននានាមានការប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណចំពោះការបូជាកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីរបស់គ្រូបង្រៀនគ្រប់រូប និងគ្រប់ជំនាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារបង្ហាត់បង្រៀនកូនខ្មែរគ្រប់រូប ឱ្យទទួលបាននូវចំណេះដឹង និងជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិរហូតមកទល់សព្វថ្ងៃ។
ទន្ទឹមនឹងនេះដែរ នៅតាមបណ្ដាញសង្គមក៏មានការសរសេរសារថ្លែងអំណរគុណ និងដឹងគុណជូនដល់គ្រូបង្រៀនដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវចំណេះដឹងសម្រាប់សម្រាប់គ្រប់គ្នា។
សូមជម្រាបថា ឆ្នាំ២០២២នេះ ជាខួបលើកទី២៥ សម្រាប់កម្ពុជាក្នុងការប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀនដោយយោងតាមអនុក្រឹតលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧។ ការប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិថ្ងៃនេះ គឺស្របពេលដែលពិភពលោក និងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងប្តេជ្ញាចិត្ត ដើម្បីធ្វើបរិវត្តកម្មការអប់រំ និងដោះស្រាយនូវឧបសគ្គចម្បងៗ ដើម្បីជួយគាំទ្រដល់គ្រូបង្រៀនលើគ្រប់ទិដ្ឋភាព ក្នុងដំណើរការនៃការផ្លាស់ប្តូរដែលប្រកបដោយភាពស្មុគ្រស្មាញ ក្នុងបរិការណ៍នាពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងអំឡុងពេលនៃការស្តារវិស័យអប់រំចេញពីវិបត្តិកូវីដ-១៩ តាមទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”៕
ដោយ ៖ សហការី