ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តបាត់ដំបងជាប់ ចោទល្បួងលួងលោមក្មួយស្រីរំលោភតាំងពីនាងទើបមានអាយុ០៦ឆ្នាំដល់អាយុ០៩ឆ្នាំ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១០ខែតុលា ឆ្នាំ២០២២ នគរបាលខេត្តបាត់ដំបងបានបញ្ជូនបុរសអាយុ៤០ឆ្នាំដែលជាប់ចោទពីបទរំលោភក្មួយស្រីត្រូវសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់។ បុរសជាឪពុកមា សាច់ថ្លៃជាប់ចោទពីបទរំលោភក្មួយស្រីតាំងពីនាងអាយុ៦ឆ្នាំរហូតដល់អាយុ៩ឆ្នាំ។

មន្ត្រីនគរបាលស្រុកមោងឬស្សីបាននិយាយថា កាលពីថ្ងៃទី០៨ តុលា ឆ្នំា២០២២នេះ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឬស្សី ក្រោយពីមានបណ្ដឹងចោទប្រកាន់ទៅលើជននេះថា បានប្រើល្បិចដ៏ថោកទាបល្បួងលួងលោមក្មួយស្រីរបស់ខ្លួន ដែលមានអាយុ៩ឆ្នាំយករំលោភរហូតបានសម្រេចច្រើនលើកច្រើនសារ ពោលគឺតាំងពីនាងទើបមានអាយុ០៦ឆ្នាំម្ល៉េះ ។

ជនសង្ស័យឈ្មោះ សល់ សឿត អាយុ៤០ឆ្នាំ រីឯក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ ។ ជនសង្ស័យ និង ក្មេងស្រីរងគ្រោះត្រូវជាក្មួយនិងពូ (ពូថ្លៃ) និងមានផ្ទះនៅក្បែរគ្នា ក្នុងភូមិ -ឃុំខាងលើ។ 

អធិការស្រុកមោងឬស្សី លោកស គឹមឡុង បានថ្លែងថា ជនសង្ស័យឈ្មោះ សល់ សឿត នេះត្រូវកម្លាំងរបស់លោក ចុះទៅឃាត់ខ្លួនភ្លាមៗ ដោយយោងតាមបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ ។

ម្ដាយក្មេងរងគ្រោះបានប្ដឹងចោទប្រកាន់ជននេះថា ចាប់បង្ខំរំលោភកូនស្រីគាត់រហូតបានសម្រេចជាច្រើនដង ក្នុងអំឡុងពេលគាត់ និងស្វាមីធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ហើយទុកកូនៗចំនួន០៣នាក់ឲ្យនៅជាមួយជីដូន ។

លោក ស គឹមឡុង បានបញ្ជាក់ថា បើយោងលើពាក្យបណ្ដឹង ជនសង្ស័យបានប្រព្រឹត្តចុងក្រោយទៅលើក្មួយស្រីរបស់ខ្លួន នៅព្រឹកថ្ងៃទី០៤ តុលា នៅលើផ្ទះ ហើយត្រូវបងប្រុសរបស់នាង ដែលមានអាយុជាង១០ឆ្នាំបន្តិចក្រឡេកឃើញនិងមានការសង្ស័យ ហើយក៏ទូរស័ព្ទហៅម្ដាយពីប្រទេសថៃ ឲ្យមកសួរនាំ ទើបបែកធ្លាយរឿងអាស្រូវនេះតែម្ដង ។

ក្មេងស្រីរងគ្រោះដែលមន្ត្រីជំនាញបានសាកសួរ នាងបានប្រាប់ថា «ពូ សឿត ធ្លាប់ចាប់ខ្ញុំយករំលោភតាំងពីខ្ញុំទើបមានអាយុ០៦ឆ្នាំ តែពេលនេះខ្ញុំអាយុ៩ឆ្នាំហើយ ពូសឿតនៅតែហៅខ្ញុំ ឬចាប់ដៃខ្ញុំអូសចូលក្នុងបន្ទប់ផ្ទះគាត់ រួចចាប់ខ្ញុំរំលោភជាបន្តបន្ទាប់ទៀត» ។ សមត្ថកិច្ចបានស្រង់ចម្លើយនាងថា ជនម្នាក់នេះបានប្រើល្បិចកលលួងលោមផង គំរាមកំហែងផង មុនពេលអូសនាងយកទៅរំលោភ។ សកម្មភាពដ៏ថោកទាបនេះ ជននេះ តែងធ្វើឡើងនៅក្នុងបន្ទប់លើផ្ទះរបស់ខ្លួន ។ 

នាងមានបងប្អូនចំនួន០៣នាក់ រស់នៅជាមួយជីដូនចាស់ជរា រីឯឪពុកម្ដាយពួកគេបានធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃយូរៗទើបមកលេងកូនៗម្ដង ។ ចំពោះទង្វើដ៏ឃោរឃៅរបស់ពូថ្លៃ ឈ្មោះ សល់ សឿត ទៅលើក្មួយស្រី នៅថ្ងៃចុងក្រោយ គឺនៅព្រឹកថ្ងៃទី០៤ តុលា។ ពេលនោះ បងប្រុសនាង បានឃើញជននេះអូសដៃប្អូនស្រីខ្លួន ចូលក្នុងបន្ទប់ដូចសព្វដង រួចបិទទ្វារ។ បងប្រុសនាងតែងឆ្ងល់គ្រប់លើករាល់សកម្មភាពរបស់ពូថ្លៃម្នាក់នេះ ទើបលើកនេះក៏បានទូរស័ព្ទរៀបរាប់ប្រាប់ម្ដាយខ្លួន នៅឯប្រទេសថៃ អំពីសកម្មភាពពូថ្លៃ ចាប់អូសដៃប្អូនស្រីខ្លួនចូលបន្ទប់រួចបិទទ្វារ ។ ក្រោយពីទទូលដំណឹងបែបអកុសល្យនេះ ម្ដាយក៏រួសរាន់ត្រឡប់មកពីថៃ។ ពេលដល់ផ្ទះ ក៏ហៅកូនស្រីមកសួរនាំ ទើបបែកធ្លាយរឿងអាស្រូវនេះផ្អើលពេញភូមិ ហើយម្ដាយនាងក៏ទៅដាក់បណ្ដឹងសុំឲ្យសមត្ថកិច្ចចាប់ខ្លួនជនម្នាក់នេះភ្លាមៗដែរ។

ក្រោយត្រូវឃាត់ខ្លួន ជនសង្ស័យឈ្មោះ សល់ សឿត បានសារភាពទទួលខុសត្រូវចំពោះទង្វើដ៏ថោកទាបដែលខ្លួនបានប្រព្រឹត្តទៅលើក្មួយស្រី ។ ជននេះបានសារភាពថា ខ្លួនពិតជាបានល្បួងលួងលោមក្មួយស្រី យកទៅចាប់រំលោភមែន។

ជននេះក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖