ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាល នៅយប់ថ្ងៃចន្ទទី១០ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនព័ត៌មានស្តីពីទិវាសុខភាពផ្លូវចិត្តពិភពលោក ១០ តុលា ២០២២។
ជាក់ស្ដែងយោងតាមលិខិតរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា ជារៀងរាល់ឆ្នាំ អង្គការសុខភាពពិភពលោក បានប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោក នៅថ្ងៃទី១០ ខ តុលា ដែលមានប្រធានបទផ្សេងៗគ្នា។ ដោយឡែកក្នុងឆ្នាំ២០២២នេះ អង្គការសុខភាពពិភពលោក បានប្រារព្ធ ទិវាសុខភាពផ្លូវចិត្តពិភពលោកក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត និងសុខមាលភាពសម្រាប់មនុស្សគ្រប់រូប ជា អាទិភាពចម្បងរបស់ពិភពលោក” (Make Mental Health and Well-being for All a Global Priority)។ ទិវា នេះ មានគោលបំណង៖
-ដើម្បីការពារ និងលើកកម្ពស់សុខភាពផ្លូវចិត្ត
-ដើម្បីបង្កើនការយល់ដឹងអំពីអន្តរាគមន៍ក្នុងការបង្ការបញ្ហាសុខភាពផ្លូវចិត្ត
-ដើម្បីទប់ស្កាត់ការរើសអើងទៅលើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត
-ដើម្បីជម្រុញឱ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្នុងការយកចិត្តទៅលើការថែទាំ និងការព្យាបាល ត្រឹមត្រូវ និងទាន់ពេលវេលា
-ដើម្បីពង្រឹងសេវាសុខភាពផ្លូវចិត្តឱ្យមានគុណភាពល្អ និងគ្របដណ្តប់ទូទាំងប្រទេស។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល បានលើកកម្ពស់សុខភាព ផ្លូវចិត្ត ដោយបានដាក់បញ្ចូលសេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាល ដែលមានកម្រិតឯក ទេស កម្រិតមូលដ្ឋាន និងកម្រិតបឋម។ ជាលទ្ធផល ក្រសួងសុខាភិបាល បានដាក់ឱ្យដំណើរការសេវាពិនិត្យ ព្យាបាលជំងឺផ្លូវចិត្ត មានកម្រិតឯកទេសនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត បានចំនួន ១០ កន្លែង និងកម្រិតមូលដ្ឋាននៅតាមមន្ទីរពេទ្យបង្អែកខេត្ត/ស្រុកចំនួន ៩៧កន្លែង និងកម្រិតបឋមនៅតាមមណ្ឌល សុខភាពចំនួន ៣៥៥កន្លែង។ ចំណែកការប្រើប្រាស់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺផ្លូវចិត្តនៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ សម្រាប់ឆ្នាំ២០២១ មានចំនួនសរុប ៨៧ ២៨៤ នាក់ (ប្រុស ៣៦ ៦៣១ នាក់, ស្រី ៥០ ៦៥៣ នាក់) ក្នុងនោះ៖
សេវាពិនិត្យពិគ្រោះជំងឺក្រៅមានចំនួន ៨២ ៩៦៤នាក់ (ប្រុស ៣៥ ០៥០នាក់ និងស្រី ៤៧ ៩១៤នាក់) សេវាសម្រាកពេទ្យមានចំនួន ៤ ៣២០នាក់ (ប្រុស ១ ៥៨១នាក់ និងស្រី ២ ៧៣៩នាក់)។ នៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បាន៖
ផ្តល់ការបណ្តុះបណ្តាលស្តីពីជំងឺកូវីដ-១៩/សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដល់មន្ត្រីមាន សមាសភាពមកពីក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលមានចំនួនសរុប ៦៦១រូប (ស្រី ២៤២រូប)។ ផ្តល់ការបណ្ដុះបណ្តាលដល់គ្រូពេទ្យ និងអ្នកស្ម័គ្រចិត្ត ស្តីពីការថែទាំសុខភាពផ្លូវចិត្តក្នុងអំឡុងពេល
រាតត្បាតកូវីដ-១៩ នៅទូទាំង ២៥ រាជធានី/ខេត្ត យកចិត្តទុកដាក់អំពីអំពើហឹង្សា យេនឌ័រ និងសុខភាពផ្លូវចិត្ត ដោយធ្វើការបណ្តុះបណ្តាលដល់ មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព ចំនួន ៧០នាក់ កំពុងរៀបចំផែនការយុទ្ធសាស្ត្រសុខភាពផ្លូវចិត្ត ឆ្នាំ ២០២៣-២០៣០។
ឆ្លៀតក្នុងឱកាសនៃទិវាសុខភាពផ្លូវចិត្តពិភពលោក ១០ តុលា ២០២២ នេះ សូមបុគ្គលគ្រប់រូបទាំងកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ ត្រូវចេះថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ ក៏ដូចជាសុខភាពផ្លូវកាយដែរ។ ការមាន សុខភាពផ្លូវចិត្តល្អ នាំឱ្យគ្រួសារមានសុភមង្គល និងមានសុខដុមនីយកម្មក្នុងសហគមន៍។ ការមានសុខភាពផ្លូវចិត្ត ល្អ នាំឱ្យមានធនធានមនុស្សល្អ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សូមកុំរើសអើង និងម៉ាក់ងាយអ្នកជំងឺផ្លូវចិត្ត។ លើសពីនេះ ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង រក្សានិរន្តរ៍ភាពនៃការដំណើរការសេដ្ឋកិច្ចនិងសង្គមជាបន្តទៀត សូមបងប្អូនទាំងអស់ បន្តការពារខ្លួនកុំឱ្យមានការ ចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តវិធានការដែលក្រសួងសុខាភិបាលតែងតែអំពាវនាវនិងណែនាំ និងនាំគ្នាទៅចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត ក្នុងអំឡុងពេលមានទឹកជំនន់ និងក្រោយទឹកជំនន់នៅតាមតំបន់មួយចំនួននៃបណ្តាខេត្តមួយចំនួន ត្រូវបន្តអនុវត្តវិធានការតាមការណែនាំរបស់ ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២រួចហើយ។
ក្រសួងសុខាភិបាល ក៏សូមប្រសិទ្ធិពរជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស មានសុខភាពផ្លូវចិត្តល្អបរិបូរណ៌។ អបអរសាទរ ទិវាសុខភាពផ្លូវចិត្តពិភពលោក ១០ តុលា ២០២២ !៕
ដោយ៖សហការី