ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់បើករថយន្តRange Rover បុកស្ត្រីម្នាក់ដើរឆ្លងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ពេលកំពុងដើរឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្តស៊េរីទំនើបម៉ាក Range Rover បើកមកបុកពេញទំហឹង បណ្ដាលឱ្យដួលបោក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះអាយុជីវិត ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣៦០ កែងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីរងគ្រោះអង្គុយហូបបាយនៅចិញ្ចើមផ្លូវត្រង់ចំណុចកើតហេតុ ពេលហូបបាយហើយក៏បានដើរឆ្លងផ្លូវទៅចិញ្ចើមផ្លូវម្ខាងទៀត ភ្លាមនោះស្រាប់តែមានរថយន្តម៉ាក Range Rover មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-5331 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ពីកើតមកលិចក្នុងល្បឿនលឿនល្មម និងមិនបានប្រយ័ត្នក៏បានបុកស្ត្រីរងគ្រោះខាងលើបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ។ 

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កមិនបានបើករថយន្តរត់គេចនោះទេ ដោយបានឈប់រថយន្តចុះមើលស្ត្រីរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកនាំខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងរថយន្តសាមុយមកដឹកយកទៅសង្គ្រោះអាយុជីវិត និងទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖