ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចាប់ខ្លួនមនុស្ស៨នាក់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកលើស្ពាន គ្រីមៀ

ចែករំលែក៖

នៅថ្ងៃទី១២ខែតុលា ក្រសួងសន្តិសុខជាតិរុស្ស៊ី (FSB) បានប្រកាសថា បានចាប់ខ្លួនមនុស្ស ៨ នាក់ ក្នុងនោះមានជនជាតិរុស្ស៊ី៥នាក់ និងជនជាតិអ៊ុយក្រែន៣នាក់ ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកលើស្ពានគ្រីមៀ។
លោក Kyrylo Budanov រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរុស្ស៊ីបានបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកលើស្ពានគ្រីមៀ គឺរៀបចំឡើងដោយ ក្រុមចារកិច្ចជាតិរបស់អ៊ុយក្រែន បានឡើងគម្រោងនាពេលកន្លងមក ។
កាលពីថ្ងៃទី ៨ខែតុលា រថយន្តដឹកទំនិញផ្ទុកពេញដោយរំសេវ បានផ្ទុះនៅលើស្ពាន គ្រីមៀ បង្កឲ្យខូចខាតយ៉ាងខ្លាំង បង្ខំឲ្យបិទស្ពានទាំងស្រុង ប៉ះពាល់ដល់ការធ្វើដំណើរតភ្ជាប់រវាងរុស្ស៊ីនិងតំបន់គ្រីមៀ។ រុស្ស៊ីបានចាត់ទុកថា ការវាយប្រហារនោះគឺជាសកម្មភាពភេរវកម្ម សំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ។ ក្រោយការវាយប្រហារ រុស្ស៊ីក៏បាន«សងសឹក»ដោយវាយប្រហារទៅលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលជាង ១០០គ្រាប់ ។
រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលអ៊ុយក្រែន លោក Herman Halushchenko បាននិយាយថា រុស្ស៉ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ប្រហែល៣០% ដោយការវាយប្រហារមីស៉ីលរបស់ខ្លួន រយៈពេល២ថ្ងៃមកនេះ គឺនៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្តាហ៍នេះ។
មកទល់នឹងថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលអ៊ុយក្រែនបានទទូចដល់ប្រជាជន កុំឲ្យប្រើប្រាស់សំភារៈមិនចាំបាច់ខ្លះ ក្នុងផ្ទះដូចជា ឡដុតនំ និងម៉ាស៉ីនបោកគក់ ជាដើម ដើម្បីសន្សំសំចៃអគ្គិសនី ខណៈមនុស្សរាប់លាននាក់ កំពុងប្រឈមនឹងការដាច់ភ្លើង បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតរបស់រុស្ស៉ី លើបណ្តាញថាមពលរបស់ប្រទេស។
ដោយលើកឡើងពីការមិនគោរពច្បាប់អន្តរជាតិរបស់រុស្ស៉ី លោក ហាលូសឈិនកូ បានប្រាប់បទសម្ភាសន៍របស់ទូរទស្សន៍ CNN យ៉ាងដូច្នេះថា «យើងសូមជូនដំណឹងទៅកាន់ដៃគូររបស់យើងថា យើងត្រូវការការពារដែនអាកាស។ ពួកគេមិនបានខ្វល់ពីកិច្ចព្រមព្រៀង ឬអនុសញ្ញាអន្តរជាតិណាមួយឡើយ»។
ទីក្រុងមូស្គូបានហៅការវាយប្រហាររបស់ខ្លួននៅអ៊ុយក្រែន ថាជាប្រតិបត្តិការយោធាពិសេស ដើម្បីលុបបំបាត់អ្នកជាតិនិយមដ៏គ្រោះថ្នាក់ និងការពារប្រជាជននិយាយភាសាររុស្ស៉ី ហើយបានចោទប្រកាន់លោកខាងលិចថា បានបង្កើន ឬអូសបន្លាយជម្លោះតាមរយៈការគាំទ្រទីក្រុងកៀវ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​tienphong.vn


ចែករំលែក៖