ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខេត្តស្វាយរៀងចុះត្រួតពិនិត្យទីតាំងល្បែងសុីសង៣ទីតាំងក្នុងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សេង សីលា  និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទីតាំងល្បែងសុីសង៣ទីតាំងក្នុងក្រុងបាវិត នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត។

    ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក វណ្ណ សុមុន្នី លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត កងរាជអាវុធហត្ថក្រុង អធិការក្រុង និងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធផងដែរ។

     មន្ត្រីសាលាក្រុងបាវិតបានឱ្យដឹងថាចំពោះការចុះត្រួតពិនិត្យទីតាំងល្បែងសុីសងនោះ គឺមាន ៖

ទីតាំងទី១.ស្ថិតនៅផ្ទះលោក សាំង សារ៉ន ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត។ ក្រោយត្រួតពិនិត្យឃើញថា គ្មានសកម្មភាពលេងល្បែងសុីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើកុំឱ្យមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែលខុសច្បាប់ ។

ទីតាំងទី២.នៅផ្ទះលោក វ៉ា រត្ន័មុន្នី ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ឃើញមានការលេងល្បែង(បៀ) ចំនួន៤នាក់ ពេលនោះក្រុមការងារក៏បានណែនាំកុំឱ្យលេងបន្តទៀត ព្រោះវាជាល្បែងដែលខុសច្បាប់ និងឱ្យត្រឡប់ទៅផ្ទះវិញ ហើយបានណែនាំម្ចាស់ទីតាំងប្រសិនបើនៅបើកឱ្យលេងល្បែងទៀតក្រុមការងារនឹងធ្វើទៅតាមច្បាប់។

ចំពោះទីតាំងទី៣. គឺផ្ទះឈ្មោះ ចាន់ ថាប់  ស្ថិតនៅភូមិត្រពាំងប្លុង សង្កាត់បាទី ដែលក្រោយពីត្រួតពិនិត្យរួចឃើញថាគ្មានសកម្មភាពលេងល្បែងសុីសងទេ ។

     ក្នុងឱកាសនោះលោកអភិបាលរងខេត្តស្វាយរៀងក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើកុំឱ្យមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែលខុសច្បាប់ ៕

ដោយ ៖ សុថាន


ចែករំលែក៖