កីឡាករបម្រុង Mohamed Salah បានស៊ុតបញ្ចូលទីបាន៣គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ Champions League ជួយឲ្យក្រុមហង្សក្រហមLiverpool យកឈ្នះក្រុម Rangers ៧-១ កាលពីរាត្រីថ្ងៃពុធ ហើយបានធ្វើឱ្យក្រុមនេះបន្តក្តីសង្ឃឹមកាន់តែខ្ពស់ក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
Salah បានចូលលេងក្នុងតង់ទី២ ដោយ Liverpool នាំមុខ ៣-១ ហើយកីឡាកររូបនេះបានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ក្នុងរយៈពេល៦នាទី និង១២វិនាទីរវាងគ្រាប់ទីមួយនិងទី៣ដើម្បីបង្វែរការឈ្នះដ៏ដំធេងក្នុងការទៅកាន់វគ្គបន្ត។
ការប្រកួតក្នុងតង់ទី១ បាន១៧នាទីកីឡាករ Scott Arfield របស់ក្រុម Ranger រកបាន១គ្រាប់នាំមុខ ប៉ុន្តែនៅនាទីទី២៤ ខ្សែប្រយុទ្ធRoberto Firmino របស់ Liverpool បានតាមស្មើវិញ និងរកបាន១គ្រាប់ទៀតក្នុងតង់ទី២នាទីទី៥៥ ហើយ Darwin Nunez ក៏រកបានគ្រាប់ទី៣ នៅទីទី៦៦។
ចូលដល់នាទីទី៧៥ នាទីទី៨០ និងនាទីទី៨១ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបMohamed Salah បានស៊ុតបញ្ចូលទីគូប្រកួត៣គ្រាប់ផ្ទួនៗ និងគ្រាប់ទី៧រកបានដោយ Harvey Elliott នៅនាទីទី៨៧ជិតចប់ការប្រកួត។
Liverpool គឺជាក្រុមដែលល្អជាងគេពីការស៊ុតបាល់បញ្ចូលទីក្នុងតង់ទីពីរដោយរកបានរហូតដល់៦គ្រាប់ ខណៈដែលកីឡាករ Diogo Jota ជាអ្នកដែលបញ្ជូនបាល់ឲ្យ Salah ស៊ុតទាំង៣គ្រាប់។
ជ័យជម្នះនេះមានន័យថា Liverpool ស្ថិតនៅលេខ២ក្នុងពូល A ហើយត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត២ប្រកួតចុងក្រោយរបស់ពួកគេដើម្បីប្រាកដថាបានកៅអីមួយក្នុងវគ្គជម្រុះ១៦ក្រុមចុងក្រោយ ខណៈពេលដែល Rangers ស្ថិតនៅលេខ៤បាតតារាងក្នុងពូលនេះដោយគ្មានពិន្ទុ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)