ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​ ចេញសេចក្តី​ប្រកាសព័ត៌មាន ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣ តុលា​ ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តី​ប្រកាសព័ត៌មាន ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣ តុលា​ ២០២២។ 

យោងតាមលិខិត​របស់​ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ទិវាសុខភាព ភ្នែកពិភពលោក (World Sight Day) គឺជាទិវានៃការយល់ដឹងជាអន្តរជាតិស្តីពីសុខភាពភ្នែក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃក្នុងសប្តាហ៍ទី២នៃខែតុលា ដើម្បីផ្ដោតការយកចិត្តទុកដាក់ជាសកលលើការថែទាំ និងរក្សាសុខភាពភ្នែកឱ្យបានល្អ។ ទិវា សុខភាពភ្នែកពិភពលោកឆ្នាំនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ ក្រោមប្រធាបទ “ស្រឡាញ់ភ្នែករបស់ អ្នក” ដែលមានគោលបំណង៖

*ផ្ដោតការយកចិត្តទុកដាក់របស់ពិភពលោកទៅលើសុខភាពភ្នែកថាជាបញ្ហាសកល

*លើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែកក្នុងចំណោមប្រជាពលរដ្ឋគ្រប់រូប ក្រុមគ្រួសារ និងសហគមន៍ 

*មានសារៈសំខាន់ដល់អ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្តល់អាទិភាពដល់គំនិតផ្ដួចផ្ដើមសុខភាពភ្នែក និង

*ជួយផ្សព្វផ្សាយការផ្តល់សេវាសុខភាពភ្នែកសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង។

ភ្នែក គឺអាយតនៈសម្រាប់មើល មានមុខងារសំខាន់សម្រាប់មនុស្សគ្រប់រូបដែលមិនអាចខ្វះបាន។ តាមរយៈភ្នែក យើង អាច ទទួលបាន ព័ត៌មាន និងចំណេះដឹងផ្សេងៗជុំវិញខ្លួនយើងពី ៨០% រហូតដល់ ៩០% ។ ភាពពិការភ្នែក បាន ជះឥទ្ធិពល អាក្រក់ ទៅលើការរស់នៅ និងជីវភាពរបស់អ្នកជំងឺ និងក្រុមគ្រួសារ។ ការការពារភ្នែក និងការមើលឃើញ ជាអាទិភាពចម្បង សម្រាប់ មនុស្សគ្រប់គ្នា មិនថាតែអ្នកដែលមានបញ្ហាភ្នែក ឬអ្នកដែលមានគំហើញល្អនោះទេ នេះប្រហែលជា មិនមែនជារឿង ងាយស្រួល ឬជារឿងធម្មតានោះដែរ ប៉ុន្តែការវិនិយោគលើសុខភាពដែលធ្វើឱ្យយើងមើលឃើញ គឺជាអំណោយដ៏អស្ចារ្យបំផុត មួយដែល យើងអាចផ្ដល់ឱ្យខ្លួនឯង។ នៅប្រទេសកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាព សាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់កាត់បន្ថយឱ្យនៅកម្រិតទាប បំផុតតាមតែអាចធ្វើទៅបាន ព្រោះថា ៩០% នៃភាពពិការភ្នែក និងគំហើញចុះខ្សោយ គឺអាចជៀសវាង និងអាចព្យាបាលបាន។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពបរិបូរណ៍ រីកចម្រើន របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមិទ្ធិផលនៃ “ការបង្ការ និង គ្រប់គ្រងភាពពិការភ្នែក” សម្រេចបាន អត្រាភាពពិការភ្នែកមានការថយចុះ១,២%នៅឆ្នាំ១៩៩៥ មកត្រឹម ០,៣៧% នៅឆ្នាំ២០១៩។ ខាងក្រោមនេះ គឺជាសមិទ្ធិផលលេចធ្លោដែលយើងសម្រេចបានក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ៖ 

-ធនធានមនុស្ស

*អ្នកឯកទេសជាន់ខ្ពស់ចក្ខុសាស្ត្រចំនួន ៦០ រូប

*ចក្ខុបណ្ឌិតមានចំនួន ១០៣ រូប

*ចក្ខគិលានុប្បដ្ឋាកមានចំនួន ១៥៨ រូប

*ចក្ខុមាត្រការីមានចំនួន ១០៥ រូប

*ការបណ្តុះបណ្តាលសុខភាពភ្នែកបឋមដល់មន្ត្រីនៅថ្នាក់មណ្ឌលសុខភាព 

*វគ្គសិក្សារយៈពេលខ្លី វះកាត់ជំងឺបាយភ្នែកមុខតូច និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ បច្ចុប្បន្ននេះនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលត្រូវបានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលវេជ្ជបណ្ឌិតឯកទេសចក្ខុសាស្ត្រ និងចក្ខុគិលានុប្បដ្ឋាក ហើយបាននឹងកំពុងបន្តដំណើការរបស់ខ្លួនជាប្រក្រតី។

-ហេដ្ឋារចនាសម្ព័ន្ធ

នាពេលបច្ចុប្បន្ននេះ អគារចក្ខុរោគត្រូវបានដាក់ឱ្យដំណើការនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក្រុង៖ 

-នៅរាជធានីភ្នំពេញ

*មន្ទីរពេទ្យចំនួន៤ ផ្តល់សេវាចក្ខុរោគ

*មន្ទីរឯកទេសភ្នែកជាន់ខ្ពស់នៅមន្ទីរពេទ្យថ្នាក់ជាតិ

-នៅតាមបណ្តាខេត្ត

*មន្ទីរពេទ្យខេត្តចំនួន២២

*មណ្ឌលថែទាំភ្នែកត្រូវបានដាក់ឱ្យដំណើរការចំនួន១៨ កន្លង

-ការគ្រប់គ្រងជំងឺភ្នែក

*សេវាសុខភាពភ្នែកសរុប នៅឆ្នាំ ២០២១ សេវាពិនិត្យ និងព្យាបាល ៤១៥៥០២

*ចំនួនវះកាត់ ៣២៩០៥

*ជំងឺកង្វះជីវជាតិ អា ត្រូវបានលុបបំបាត់

*ជំងឺត្រាក់កូម មិនមែនជាបញ្ហាសុខភាពសាធារណៈតទៅទៀត

-ការការពារ ការស្រាវជ្រាវ ការស្វែររកការគាំទ្រ និងភាពជាមេដឹកនាំ

*ផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រជាតិដើម្បីទប់ស្កាត់ និងគ្រប់គ្រងភាពពិការភ្នែក ការដាក់បញ្ចូលសូចនាករសុខភាពភ្នែកក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលនៃក្រសួងសុខាភិបាល

*សុខភាពភ្នែកត្រូវបានបញ្ចូលក្នុងកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកិច្ចការនារី បញ្ជ្រាបបញ្ចូលពិការភាពក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីភាពពិការភ្នែក

*មានការស្រាវជ្រាវស្តីពីភាពពិការភ្នែក និងគំហើញចុះខ្សោយ ឆ្នាំ ២០០៧ និងឆ្នាំ២០១៩ មានការស្រាវជ្រាវថ្នាក់ជាតិស្តីពីកំហុសកំណុំរូបភាពឆ្នាំ២០១០

-គោលដៅសម្រាប់ការអនុវត្តកម្មវិធីសុខភាពភ្នែក

ក្រសួងសុខាភិបាល បានបង្កើតផែនការយុទ្ធសាស្ត្រជាតិទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ ២០២១ ២០៣០ មានគោលដៅមហិច្ឆតារបស់ខ្លួនគឺ “ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកឱ្យនៅត្រឹម ០,៣៥% នៅឆ្នាំ២០៣០។ ឆ្លៀតក្នុងឱកាសនៃទិវាសុខភាពភ្នែកពិភពលោកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សូមប្រជាពលរដ្ឋ គ្រប់រូប អញ្ជើញទៅពិនិត្យភ្នែក របស់លោកអ្នក នៅតាមអគារផ្តល់សេវាចក្ខុរោគនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត-ក្រុង នៅក្នុង ព្រះរាជាណាចក្រកម្ពុជា យ៉ាង ហោចណាស់ឱ្យបានរៀងរាល់២ឆ្នាំម្ដង។ សម្រាប់អ្នកមានអាយុចាប់ពី ៤០ ឆ្នាំ ឡើង ទៅ មានប្រវត្តិគ្រួសារនៃជំងឺទឹកដក់ក្នុងភ្នែក (សម្ពាធភ្នែកឡើងខ្ពស់ ឬមានផលវិបាកប៉ះពាល់ដល់គំហើញ) មានជំងឺទឹកនោមផ្អែម ឬលើសឈាម មានប្រវត្តិនៃការជក់បារីយូររ៉ាំរ៉ៃ ពាក់វ៉ែនតារួចហើយ កម្រិតអំណាចភ្នែករបស់អ្នកខ្ពស់ (ភ្នែកម៉ូបខ្ពស់) ត្រូវតែទៅរកគ្រូពេទ្យពិនិត្យភ្នែកជារៀងរាល់ឆ្នាំ។ 

ក្រសួង​សុខាភិបាល​ សូមប្រសិទ្ធិពរជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ជាពិសេសសុខភាពភ្នែក និងសូមចូលរួម អបអរសាទរទិវាសុខភាពភ្នែកពិភពលោក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២!៕

ដោយ​៖សហការី​


ចែករំលែក៖