ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ចាត់​រដ្ឋបាល​ខេត្តកណ្តាល​ ជា​តំណាង​ចុះ​តាម​ខ្នង​ផ្ទះ​គ្រួសារ​សព​ទាំង​១១​នាក់​

ចែករំលែក៖

ខេត្ត​​កណ្តាល​៖​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៤​រោច​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២២​នេះ​ បាន​ចាត់​រដ្ឋបាល​ខេត្តកណ្តាល​ ដែល​ដឹកនាំ​ដោយ​លោកបណ្ឌិត​ ម៉ៅ​ ភិ​រុណ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក​ គង់​ សោ​ភ័​ណ្ឌ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ ដោយ​មានការ​ចូលរួម​អមដំណើរ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ ចុះ​ទៅ​តាម​ខ្នង​ផ្ទះ​របស់​គ្រួសារ​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ (​លិច​ទូកដរ​ទទឹង​)​ ស្ថិត​នៅ​ ភូមិ​កោះ​ចំរើន​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ចំនួន​១១​ខ្នង​ផ្ទះ​ ដើម្បី​ចូលរួម​រំលែក​មរណទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​ និង​នាំ​យក​ថវិកា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​គ្រួសារ​សព​ក្នុង​០១​គ្រួសារ​ចំនួន​២០,០០០,០០០​រៀល​ (​ម្ភៃ​លាន​រៀល​)​ ។​

​ទន្ទឹម​នោះ​ លោក​ស្រីកិត្តិ​សង្គហ​បណ្ឌិត​ ឃួ​ន​ សុ​ដា​រី​ អនុប្រធាន​ទី​២​ នៃ​រដ្ឋសភា​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​លើក​ដែក​ ឧបត្ថម្ភ​ថវិកា​៤,០០០,០០០​រៀល​ ក្នុង​០១​សព​ និង​ ឯកឧត្តម​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ឧបត្ថម្ភ​ថវិកា​៤,០០០,០០០​រៀល​ ក្នុង​០១​សព​ ។​ 

សូមជម្រាបជូនថា​ គិត​មក​ត្រឹម​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​នេះ​ កម្លាំង​ចម្រុះ​ និង​ក្រុមការងារ​ចុះ​រុករក​សព​ជន​រង​គ្រោះ​បាន​ចំនួន​០១​នាក់​ បន្ថែម​ទៀត​ ឈ្មោះ​ សុវត្ថិ​ ស​ក្ខិ​ណា​ ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​ មុខរបរ​សិស្ស​ រក​ឃើញ​សរុប​ចំនួន​១៣​នាក់​ ស្លាប់​០៩​នាក់​ (​ស្រី​០២​នាក់​)​ ។​

​នៅ​សល់​ចំនួន​០២​នាក់​ ស្រី​០១​នាក់​ មានឈ្មោះ​ មាស​ សុវណ្ណ​រាជ​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ មុខរបរ​សិស្ស​ និង​ឈ្មោះ​ រី​ ស្រី​លី​ន​ អាយុ​១២​ឆ្នាំ​ ភេទ​ស្រី​ មុខរបរ​សិស្ស​ បច្ចុប្បន្ន​ កម្លាំង​ចម្រុះ​បាន​បន្ត​ស្រាវជ្រាវ​រុករក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​បន្ត​ទៀត​ ៕

ដោយ​៖សហការី​


ចែករំលែក៖