ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ញើសារលិខិតអបអរសាទរជូន មេបញ្ជាការ មេបញ្ជាការ​រង​ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតកងពលតូចលេខ៧០

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតអបអរសាទរជូន មេបញ្ជាការ មេបញ្ជាការ​រង​ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតកងពលតូចលេខ៧០ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤~ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២)។

សារលិខិតអបអរសាទរ

លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ផ្ញើជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ក្នុងឱកាសដ៏បវរសួស្តីសិរីមង្គលនៃពិធីរំលឹកខួប២៨ឆ្នាំថ្ងៃបង្កើតកងពលតូចលេខ៧០ តាងនាម ថ្នាក់ដឹកនាំអគ្គបញ្ជាការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមអបអរសាទរយ៉ាងស្មោះចំពោះថ្ងៃជាប្រវត្តិសាស្ត្រនេះ និងសូមផ្ញើការសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនានឹករលឹក ស្រលាញ់រាប់អានយ៉ាងស្មោះ ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ ដែលក្នុងរយៈពេលកន្លងមក បានខិតខំជម្នះរាល់ការលំបាក សម្រេចបានស្នាដៃធំៗជាច្រើន ក្នុងបុព្វហេតុ នៃកិច្ចការពារជាតិ។

សមិទ្ធផលនានាដែលកងពលសម្រេចបាន អាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ ការធ្វើពលិកម្មគ្រប់បែបយ៉ាង គោរពបទបញ្ជា សាមគ្គីឯកភាព សមត្ថភាព ភក្តីភាព និងភាពឈ្លាសវៃ ក្នុងការដឹកនាំអង្គភាពរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទើបធ្វើឱ្យ កងពលតូចលេខ៧០មានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមប្រទានសព្ទសាធុការពរដ៏បវរមហាប្រសើរជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖