នៅពេលនេះប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសធ្វើឱ្យអាមេរិក និងលោកខាងលិចខិងសម្បាយ៉ាងខ្លាំងដោយបានជំរុញឱ្យប្រទេស OPEC+ កាត់បន្ថយការផលិតប្រេងយ៉ាងច្រើនដើម្បីជួយដល់ក្រុមប្រទេសផលិតប្រេងទទួលបានផលប្រយោជន៍ច្រើន។
ក្នុងពេលនេះដែរ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌មានទឹកប្រាក់៤០០លានដុល្លារដល់អ៊ុយក្រែន និងស្នើធ្វើជាអាជ្ញាកណ្តាលក្នុងការស្វែងរកសន្តិភាពរវាងរុស្ស៊ីនឹងអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត SPA បានរាយការណ៍ថារដ្ឋាភិបាលទីក្រុងរីយ៉ាដ នឹងផ្ដល់ជំនួយមនុស្សធម៌ ៤០០លានដុល្លារ សម្រាប់អ៊ុយក្រែនបន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការកាត់បន្ថយការផលិតប្រេងដែលធ្វើឱ្យសហរដ្ឋអាមេរិកខឹងសម្បាជាខ្លាំង។
ការសន្យាផ្ដល់ជំនួយមនុស្សធម៌ខាងលើ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន នឹងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ បើតាម SPA ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីតត្រៀមលក្ខណៈជាស្រេចដើម្បីបន្តកិច្ចខិតប្រឹងប្រែងលើកិច្ចសម្របសម្រួល ក៏ដូចជាផ្ដល់ការគាំទ្រនានាដែលចូលរួមចំណែកដល់ ការបន្ធូរបន្ថយភាពតានតឹង។
SPA បន្ថែមទៀតថា នៅក្នុងជំនួបតាមទូរស័ព្ទនោះ លោក ហ្សេលេនស្គី ក៏បានអបអរសាទរផងដែរដល់ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី និងអរគុណដល់ទីក្រុងរីយ៉ាដដែលបានបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់ពីសំណាក់រុស្ស៉ី។
កន្លងមកថ្មី នៅក្នុងជំនួបពិភាក្សា រវាងប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម (UAE) លោកMohammed bin Zayed al-Nahyan ក៏បានប្រកាសនៅក្នុងជំនួបពីភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោកពូទីនថា ប្រទេសអារ៉ាប់រួមមានគោលបំណងធ្វើជាអាជ្ញាកណ្តាលក្នុងការស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ WAM
រូបថត ៖ TTXVN