ភ្នំពេញ ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតលើកទី២៧ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៤ យ៉ាងឱឡារិក នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា, ការបោះឆ្នោតជ្រេីសតាំងប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលេីកទី១៤ ត្រូវបានបញ្ចប់ដោយបន្តរង់ចាំការប្រកាសលទ្ធផលនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានថ្លែងថា , ចំពោះគោលនយោបាយដឹកនាំគណៈមេធាវីទាំង ៨ ចំណុចរបស់លោក គឺលោក លី ច័ន្ទតុលា បានរំលឹកឡើងវិញដូចខាងក្រោម៖
១៖ រឹតបន្តឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវីតាមបទពិសោធតាមមាត្រា៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវីតាមមាត្រា៣១ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដោយយកគុណភាពនិងសមត្ថភាពជាគោល។
២៖ ពង្រឹងលើកកម្ពស់សមត្ថភាពមេធាវីតាមរយៈការបង្កើនវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការដកស្រង់និងផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស។
៣៖ ពង្រឹងកិច្ចសហការ ការផ្តល់តម្លៃ និងការយោគយល់គ្នាជាមួយស្ថាប័នជាតិនិងអន្តរជាតិ។
៤៖ បង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីតួនាទីរបស់មេធាវី និងកិច្ចការទាំងឡាយ ដែលមេធាវីអាចផ្តល់ឱ្យអតិថិជន។
៥៖ ពង្រីកទំហំការងារដែលមេធាវីអាចផ្តល់ឱ្យអតិថិជនឱ្យកាន់តែច្រើន និងប្រឆាំងនឹងការប្រកួតប្រជែងខុសច្បាប់ពីសំណាក់បុគ្គលដែលមិនមានសិទ្ធិជាមេធាវី។
៦៖ បង្កើតយន្តការផ្តល់តម្លៃនិងកិត្តិយសដល់មេធាវីដែលមានស្នាដៃលេចធ្លោនៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធម៌សង្គម។
៧៖ បន្តអនុវត្តនិងពង្រីកយន្តការសុខុមាលភាពមេធាវីទាំងអស់ ជាពិសេសយន្តការទាក់ទង នឹងមូលនិធិសម្រាប់ជួយមេធាវីដែលមានវ័យចាស់និងមានជំងឺធ្ងន់ធ្ងរ។
៨៖ បង្កើនអន្តរកម្មរវាងគណៈមេធាវីនិងមេធាវី និងការផ្តល់សេវាឱ្យកាន់តែប្រសើរជូនដល់មេធាវីទាំងអស់។
សូមបញ្ជាក់ថា, មុនបោះឆ្នោត គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានជូនដំណឹងដល់សមាជិក-សមាជិកា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជ្រាបថា យោងសេចក្តីសម្រេចលេខ៥៧០/សសគម/២២ – ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្តីពីការដាក់ឱ្យអនុវត្តបទបញ្ជានិងនីតិវិធីបោះឆ្នោត ជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤(២០២២-២០២៤) គណៈមេធាវីបានរៀបចំ ការិយាល័យបោះឆ្នោតចំនួន១៥ ផ្សេងគ្នានៅសណ្ឋាគារ រេស៊ីដង់ សុខា ភ្នំពេញ ដែលក្នុង នោះការិយាល័យទី១៥សម្រាប់បម្រុងទុកឱ្យអ្នកឡើងកម្ដៅលើសពី ៣៧,៥ អង្សាធ្វើការបោះ ឆ្នោត ហើយធ្វើការបែងចែកមេធាវីដែលមានសិទ្ធិបោះឆ្នោតទៅតាមការិយាល័យបោះឆ្នោត១៤ ការិយាល័យ ក្នុងចំណោម១៤ការិយាល័យ តាមពីមេធាវីអត្តលេខ ០០១ ដល់អត្តលេខ ២៤២៩ ៕
ដោយ ៖ សិលា