ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ព្រមានថា គុកបានត្រៀមរួចសម្រាប់ ទណ្ឌិត សម រង្ស៊ី !

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា  បានបង្ហើបថា, រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមគុកជាពិសេសមួយសម្រាប់ សម រង្ស៊ី រួចហើយ ប្រសិនជាទណ្ឌិតរូបនេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ សម្ដេចក៏ជំរុញឲ្យទណ្ឌិតរូបនេះអញ្ជើញមកកាន់កម្ពុជាបានឆាប់ផងដែរ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងព្រឹកថ្ងៃទី១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនបានហាមឃាត់ សម រង្ស៊ី មិនឱ្យចូលស្រុកនោះទេ ហើយថាយន្តហោះណាក៏ដោយក៏អាចដឹក សម រង្ស៊ី ចូលស្រុកផងដែរ តែអ្វីដែលស្វាគមន៍ សម រង្ស៊ី នៅពេលដែលមកដល់ព្រលានយន្តហោះកម្ពុជានោះគឺមានតែខ្នោះដៃប៉ុណ្ណោះ។

សម្ដេចថា៖ «អត់រួចខ្លួនទេអាពៅ! ហើយកុំសង្ឃឹមលើ ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសអោយអ្ហែងឲ្យសោះ! អ្នកណាចង់ដឹកក៏ដឹកមកអត់បញ្ហា។ ប៉ុន្តែគ្រាន់តែបញ្ជាក់ថា ពេលមកដល់ត្រូវតែជាប់ខ្នោះហើយបញ្ចូលគុក ហើយគុកមួយណាខ្ញុំមិនប្រាប់ទេ ព្រោះបានរៀបចំត្រៀមរួចហើយវាអត់មានការចាំបាច់អីពិបាកនោះទេ»។

បច្ចុប្បន្នទណ្ឌិតសមរង្ស៊ីកំពុងរងបណ្ដឹងនៅតុលាការរាប់មិនអស់ដែលមានខ្លះបានចូលជាសាលក្រមរួចទៅហើយ។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម រង្ស៊ី ក៏បានប្រកាសចូលស្រុកវិញដែរតែមកបានត្រឹមប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា,នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២  ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ សម្តេចតេជោ បានទម្លាយពីភាពអាក្រក់របស់ ទណ្ឌិត សម រង្ស៊ី ជាពូជក្បត់ជាតិ ។ សម្តេចតេជោ លើកឡើងថា, ត្រកូល(ហ៊ុន) ខុសពី ត្រកូល(សម) …., ត្រកូល(សម)ក្បត់ជាតិ, តែត្រកូល(ហ៊ុន) ធ្វើអោយប្រទេសជាតិរីកចម្រើន សន្តិភាព ។ 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាថ្ងៃ២០ ខែតុលា ឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្ដើមចុះឈ្មោះបោះឆ្នោត ហើយសម្ដេចតេជោ នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឡើងវិញ នៅថ្ងៃ២០ តុលានេះដែរ ដោយសារ សម្ដេចតេជោ បានប្ដូរថ្ងៃខែឆ្នាំកំណើតថ្មី។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖