ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់សន្យាផ្តល់យន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចមីស៊ីលដល់រុស្ស៊ី

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា អុីរ៉ង់បានសន្យាផ្តល់កាំជ្រួចមីស៊ីល វាយប្រហារគោលដៅពីលើអាកាស និងយន្តហោះវាយលុកគ្មានមនុស្សបើកជាច្រើនទៀតដល់ប្រទេសរុស្ស៊ី។ កិច្ចព្រមព្រៀងខាងលើធ្វើឡើងកាលពីថ្ងៃទី៦ខែតុលាក្នុងពេលអនុប្រធានាធិបតីទីមួយរបស់អុីរ៉ង់លោក Mohammad Mokhber និងមន្ត្រីយោធាជាន់ខ្ពស់ពីររូបទៀត នៃកម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់បំពេញទស្សនកិច្ចទីក្រុងមូស្គូ ។
ក្នុងពេលនេះដែរ អាមេរិកគ្រោងលើកយកបញ្ហាខាងលើទៅពិភាក្សានៅអង្គការសហប្រជាជាតិ ។ អាមេរិកនិងសម្ព័ន្ធមិត្តក៏មានគម្រោងដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់ផងដែរដែលបានផ្តល់អាវុធឱ្យរុស្ស៊ី។
សារព័ត៌មាន Reuters នៅថ្ងៃពុធទី១៩ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងមានគម្រោងលើកយកការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្ដហោះដ្រូនដោយអ៉ីរ៉ង់ឱ្យរុស្ស៉ីមកពិភាក្សានៅឯកិច្ចប្រជុំបិទទ្វារមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូវយ៉ក)។
សេចក្ដីរាយការណ៍ពីកិច្ចប្រជុំបិទទ្វារខាងលើកើតមានឡើងបន្ទាប់ពីរុស្ស៉ីត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចចោទប្រកាន់ថាបានប្រើប្រាស់ «យន្ដហោះដ្រូនអត្តឃាត» ផ្ដង់ផ្គង់ដោយអ៉ីរ៉ង់ វាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន និងផ្ដាច់យកជីវិតមនុស្ស៥នាក់ក្នុងទីក្រុងកៀវកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
បើតាមរដ្ឋាភិបាលអ៊ុយក្រែន យន្ដហោះដ្រូនដែលរុស្ស៉ីបានប្រើ គឺជាប្រភេទយន្ដហោះដ្រូនShahed-136 ហើយទីប្រឹក្សាមួយចំនួនរបស់លោក ហ្សេលេនស្គីក៏កំពុងជំរុញឱ្យទីក្រុងកៀវផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់ផងដែរ។ យ៉ាងណាក៏ដោយ អ៉ីរ៉ង់បានបដិសេធថាខ្លួនមិនបានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ីនោះទេ ខណៈដែលទីក្រុងវ៉ាស៊ីនតោនចោទថាអ៉ីរ៉ង់និយាយកុហក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ VOV.VN

រូប​ថត​ ៖ TTXVN -VNA


ចែករំលែក៖