ខេត្តសៀមរាប ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២កម្លាំងនគរបាលខេត្តសៀមរាបបានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តដោយជាប់ចោទពីបទមនុស្សឃាតគិតទុក ជាមុន។ ជនសង្ស័យសារភាពថាដោយសារកំហឹងមួយភ្លែតទើបធ្វើឲ្យគិតខុស។
បើតាមនគរបាលស្រុកអង្គរជុំបានឱ្យដឹងថា នៅថ្ងៃ ទី១៧ខែតុលាឆ្នាំ២០២២នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សយ អាត ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ពាក់ព័ន្ធនិងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស (កាប់នឹងកាំបិតបុ័ងតោ និងដុតដោយសាំង ) កាលពីវេលាម៉ោង ១៩ និង ២០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ដែលមានជនរងគ្រោះ ឈ្មោះ ឈឿ បូណា ភេទ ស្រី អាយុ ៤២ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។
ករណីហិង្សានេះផ្តើមចេញពីមានទំនាស់ពាក្យសម្តីនឹង គ្នាដោយជនសង្ស័យ បានយកសាំងដុតក្យូស និងដុតទៅលើជនរងគ្រោះបណ្តាលឲ្យឆេះអាវ។ បន្ទាប់មកជន សង្ស័យបានយកកាំបិតពីក្នុងផ្ទះ កាប់មកលើជនរង គ្រោះបណ្តាលឲ្យរបួស លើផ្ទៃមុខ ០១កាំបិត និង ស្មាខាងឆ្វេង ០១កាំបិត។ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់ចូលក្នុងផ្ទះ ហើយចាក់សោរផ្ទះសំងំធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។ លុះព្រឹកឡើង នៅ ពេលកម្លាំងនគរបាលចុះទៅដល់ និងហៅជនសង្ស័យចេញ ពីក្នុងផ្ទះ តែពេលនោះជនសង្ស័យ ព្យាយាមយកសាំងគំរាមរកដុតខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរ តែម្តង។
ជនសង្ស័យបានសារភាពថា ដោយសារខឹងនឹងជនរងគ្រោះដែលតែងតែមានទំនាស់ជាមួយខ្លួន ទើបនៅថ្ងៃ កើតហេតុ ខ្លួនបានយកសាំងចាក់ដុតទៅលើជនរងគ្រោះ ហើយថែមទាំងយកកាំបិត កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ កាំបិត១,ពូថៅ ១ និងសាំង ៦ដប ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ដោយ៖ សូរិយា