ព័ត៌មានទាន់ហេតុការណ៍៖

ដូនចាស់វ័យ​ ៨៥ឆ្នាំ​ រស់នៅក្នុងផ្ទះទ្រុឌទ្រោមតែម្នាក់ឯង​ នាស្រុកមេសាង​ ខេត្តព្រៃវែង​ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​

ចែករំលែក៖

ខេត្តព្រៃវែង ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២នេះ បបានចាត់ឱ្យលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ សម្ភារប្រេីប្រាស់​ សំលៀកបំពាក់​ និងថវិកា​​មួយចំនួនជូនដល់លោកយាយ ជិន​ ភឿន​ អាយុ​ ៨៥ឆ្នាំ​ រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមតែម្នាក់ឯង ក្នុងភូមិចេកធ្លក​ ឃុំត្រពាំងស្រែ​ ស្រុកមេសាង​ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លលោកស្រី អគ្គលេខាធិការរងទី១​ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយ។ លលោកស្រី បានបញ្ជាក់ថា​ ៖​ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីដ៏លំបាករបស់លោកយាយ​ សម្តេច បានសម្តែងនូវក្តីអាណិតអាសូរ​ ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង​ និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅរបស់លោកយាយ។ ទន្ទឹមនឹងនេះ​ ដោយហេតុថា​លោកយាយក៏នៅមានកូនចៅនៅក្បែរ​ ដែលជួយមេីលថែទាំផងដែរ​ ប៉ុន្តែដោយសារតែបំណងរបស់លោកយាយ​ ដែលចង់រស់នៅតែម្នាក់ឯង​នោះ ទេីបធ្វេីឱ្យស្ថានភាពរបស់លោកយាយ​ មានការលំបាកដូចពេលនេះ។ ហេតុដូចនេះ​ សូមឱ្យកូនៗចៅៗ​ នៅបន្តថែទាំលោកយាយ​ បំពេញភាពកតញ្ញូ​ ឱ្យគាត់រស់នៅបានល្អប្រសេីរបន្តទៅមុខទៀត។»

ជាមួយគ្នានោះដែរ​ ដោយមេីលឃេីញថា ផ្ទះរបស់លោកយាយមានសភាពចាស់ទ្រុឌទ្រោម​ ហេីយដំបូលលិចទឹកផង​នោះ​ អនុវត្តតាមអនុសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​,​ លោកស្រីអគ្គលេខាធិការរងទី​១​ ក៏បានណែនាំដល់អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកមេសាង​ ធ្វេីការសហការជាមួយអាជ្ញាធរមូលដ្ឋាន​ ភូមិឃុំ​ ដេីម្បីជួយជួសជុលផ្ទះ​ និងរៀបចំលំនៅដ្ឋានរបស់លោកយាយឱ្យបានសមរម្យ​ ឱ្យខ្ពស់ផុតពីទឹក ហេីយមានបន្ទប់ទឹកក្នុងផ្ទះ​ ដែលមិននាំឱ្យលោកយាយពិបាកដេីររកបន្ទប់ទឹកឆ្ងាយដូចមុនឡេីយ ហេីយដែលការចំណាយជាបន្ទុករបស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ 

បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលេីនេះ​ លោកយាយ​ ជិន​ ភឿន​ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា​​ ដែលបានគិតគូរ ពីជីវភាពរស់នៅ រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាក និងការជួយជួសជុលផ្ទះឱ្យបានសមរម្យទៀតផង៕

ដោយ : សហការី


ចែករំលែក៖