ខេត្តសៀមរាប ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ និងមន្ត្រីលេខាធិការដ្ឋានគ.ខ.ប.ជ ចូលរួមផងដែរ ។
លោកស្រី អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា លេខាធិការ ដ្ឋាននៃគណៈកម្មាធិការ គ.ខ.ប.ជ ជាសេនាធិការ បានបំពេញតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំង និងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្តព្រមទាំងមានកិច្ចសហការល្អជាមួយអង្គការដៃគូ ដែលមានជំនាញបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាព មន្ត្រី អនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផងដែរ។ លោកស្រី បានបន្តថាការងារដែល លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបានអនុវត្តកន្លងមកមានដូចជា៖ ការអប់រំផ្សព្វផ្សាយគ្រប់រូបភាពដល់ប្រជាពលរដ្ឋ អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឧបាយកល ជនល្មើស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព កិច្ចការពារជនរងគ្រោះ បានផ្ដល់ការយល់ដឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយផ្ទាល់ និងការផ្សព្វផ្សាយការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងមាន ការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ច និងតុលាការ ក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធអំពើជួញដូរ មនុស្ស ការជួយដល់ជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើសមានភាពល្អប្រសើរ និងមានកិច្ចសហការល្អ។ លោកស្រី ក៍បានណែនាំដល់មន្ត្រីបង្គោលនៃក្រុមការងារទាំងអស់របស់គណៈកម្មាធិការខេត្តប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារ ប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រុង-ស្រុក បន្តពិភាក្សាដើម្បីស្វែងរកធាតុចូលក្នុងផែនការសកម្មភាពបន្ត របស់គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់បន្តអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ហេីយយត្រូវបន្ត តាមដាន និងត្រួតពិនិត្យឃ្លាំមើលជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច ពិសេសនៅតាមសហគ្រាសសិប្បកម្មឡឥដ្ឋ។
ជាមួយគ្នានោះត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយ ទាំងក្នុងនិងក្រៅប្រទេស ជាមួយមន្ទីរ អង្គភាព អង្គការដៃគូជាតិ អន្តរជាតិ ឆ្ពោះទៅគោលដៅរួម គឺការបង្ការ ទប់ស្កាត់ ការពារ និងបង្ក្រាបដើម្បីឈាន ទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព. រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិក ក្រុង ស្រុក ទាំង១២ អ្នកពាក់ព័ន្ធ និងមន្ត្រី នគរបាលយុត្តិធម៌អំពីការកំណត់អត្តសញ្ញណជនរងគ្រោះ និងច្បាប់ពាក់ព័ន្ធ ហើយត្រូវ ជំរុញឱ្យក្រុង-ស្រុក ឃុំ-សង្កាត់ គ្រោងផែនការសកម្មភាព ដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងគ្រោងកញ្ចប់ថវិការសវាសង្គមលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស . ត្រូវត្រៀមរៀបចំកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដែលដឹកនាំដោយអយ្យសាលាដំបូងខេត្ត ព្រមទាំងបន្តពង្រឹងការងារបង្ការ ទប់ស្កាត់ តាមរយៈការងារផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាព និងប្រើគ្រប់ លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល អំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដដៃទៀត ឱ្យ បានដល់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវវ័យ ក្នុងសាលារៀន និងក្រៅសាលារៀន និងជន ដែលងាយរងគ្រោះផងដែរ ៕
ដោយ : សហការី