ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតថ្វាយព្រះពរ របស់ លោក ប្រាក់ សុខុន និងលោកស្រី ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ របស់ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី ក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងវរោកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានៃទិវាបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ

របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹង ប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២២ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីការទូតកម្ពុជាទាំងអស់ដែលកំពុងបំពេញបេសកកម្មការទូតនៅបរទេស ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ប្រកបដោយទសពិធរាជធម៌របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីជាតិមាតុភូមិ និងសេចក្តីសុខ ក្សេមក្សាន្តរបស់ប្រជានុរាស្ត្រខ្មែរ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គមេត្តាប្រោះព្រំព្រះរាជ សព្ទសាធុការពរបវរសួស្ដី សិរីមង្គលវិបុលសុខ មហាប្រសើរថ្វាយចំពោះ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណ ភ្លឺថ្លា ដើម្បីបានគង់ប្រថាប់យូរអង្វែងនៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសុខដុមរមនាដល់ ប្រជារាស្ត្រខ្មែរ ជាទីស្រលាញ់របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវការគោរពសក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីទូលព្រះបង្គំ ជាខ្ញុំ និងភរិយា ៕

ដោយ : សិលា


ចែករំលែក៖