លោក Zinedine Zidane ដែលជាអតីតកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតមិនធ្លាប់មានរបស់ពិភពលោក បានទទួលរូបសំណាកធ្វើពីក្រមួនថ្មីមួយដែលត្រូវបានដាក់បង្ហាញជាកិត្តិយសរបស់គាត់កាលពីថ្ងៃអង្គារនៅឯ Musee Grevin ក្នុងទីក្រុងប៉ារីស ដែលជារដ្ឋធានីរបស់ប្រទេសបារាំងដែលរូបនេះស្មើនឹងរូប Madame Tussauds នៅទីក្រុងឡុងដែរ។
លោក Zidane ដែលពាក់ឈុតដ៏ស្រស់ស្អាត និងអមដោយភរិយារបស់គាត់ បានញញឹម ខណៈដែលគាត់ឈរក្បែររូបក្រមួនរបស់គាត់ក្នុងពិធីដាក់បង្ហាញនោះ។
លោក Zidane ដែលបច្ចុប្បន្នមានវ័យ៥០ឆ្នាំបានដឹកនាំប្រទេសបារាំងទៅកាន់ជើងឯក World Cup ជាលើកដំបូងរបស់ប្រទេសនេះក្នុងឆ្នាំ១៩៩៨ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រជាមួយប្រេស៊ីល ហើយបន្ទាប់មកបានឈ្នះជើងឯកអឺរ៉ុបឆ្នាំ២០០០ជាមួយប្រទេសបារាំង។
លោកក៏បានជំរុញក្រុមបារាំងដែលមានវ័យចំណាស់មួយទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០០៦ ប៉ុន្តែបានធ្វើឱ្យការប្រកួតនេះមានភាពអាម៉ាស់ បន្ទាប់ពីត្រូវបានបណ្តេញចេញពីការប្រកួតដោយសារប៉ះទង្គិចគ្នាជាមួយគូប្រកួតរបស់អ៊ីតាលី ហើយពេលនោះបារាំងបានចាញ់អ៊ីតាលី។
លោក Zidane បានជួយក្លិបឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០០២ ជាមួយ Real Madrid ហើយបន្ទាប់មកបានត្រឡប់ទៅក្លិបអេស្ប៉ាញវិញក្នុងនាមជាអ្នកចាត់ការរបស់ក្រុមនេះ ដែលដឹកនាំ ឈ្នះពានរង្វាន់ Champions League ចំនួន៣ដង។ បន្ទាប់មកលោកបានចាកចេញពី Real Madrid នៅចុងរដូវកាល២០២០-២០២១ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)