ខ្សែប្រយុទ្ធ Cristiano Ronaldo បានកត់សម្គាល់ការវិលត្រឡប់របស់គាត់ទៅកាន់ក្រុម Manchester United ជាមួយនឹងការរកបាន១គ្រាប់ក្នុងអាជីពជាគ្រាប់បាល់ទី៧០១របស់គាត់ដើម្បីជួយក្រុមMan Utd ឈ្នះ Sheriff Tiraspol នៅ Old Trafford ក្នុងក្របខ័ណ្ឌ Europa League ក្នុងលទ្ធផល៣ទល់០។
គាត់មិនបានបង្ហាញខ្លួនសម្រាប់ការធ្វើដំណើរកាលពីចុងសប្តាហ៍មុនទៅកាន់ក្រុម Chelsea ដែលជាការដាក់ទណ្ឌកម្មចំពោះការបដិសេធមិនចូលជំនួសពេលប្រកួតជាមួយក្រុម Tottenham កាលពី៩ថ្ងៃមុន វាហាក់ដូចជា Ronaldo មានវាសនាមិនរកគ្រាប់បាល់បន្ទាប់ពីត្រូវបានប្រគល់តួនាទីចាប់ផ្តើមដោយអ្នកចាត់ការលោក Erik ten Hag ។
នៅសល់៩នាទីទៀត កីឡាករព័រទុយហ្គាល់រូបនេះបានស៊ុតបាល់បញ្ចូលទីផុតដៃអ្នកចាំទី Maxym Koval របស់ Sheriff មិនអាចជួយសង្គ្រោះ។ Ronaldo បានព្យាយាមដើម្បីបញ្ចប់ការឈ្នះដ៏ធំបំផុតរបស់ United ក្នុងរដូវកាលនេះ និងបន្តការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៧ប្រកួតនៅក្នុងការប្រកួតទាំងអស់។ វាជាការបញ្ចប់ជាវិជ្ជមានចំពោះសប្តាហ៍ដ៏លំបាកមួយសម្រាប់អ្នកឈ្នះ Ballon D’Or ប្រាំសម័យកាលរូបនេះ។
លោក Ten Hag បាននិយាយថា “គាត់បានបន្ត ហើយក្រុមនៅតែបន្តដាក់គាត់ឱ្យស្ថិតក្នុងទីតាំងត្រឹមត្រូវ។ គាត់បានបន្តធ្វើឱ្យខ្លួនគាត់ស្ថិតក្នុងទីតាំងត្រឹមត្រូវ។ គាត់មិនបោះបង់ចោលទេ ហើយខ្ញុំគិតថានោះជាអ្វីដែលគាត់បានធ្វើអាជីពរបស់គាត់ទាំងមូល ហើយនៅទីបញ្ចប់គាត់ទទួលបានរង្វាន់របស់គាត់សម្រាប់វា” ។
សម្រាប់ក្រុមបិសាចក្រហម Manchester United បានបង្កើតការសម្រេចចិត្តក្នុងពូល Europa League ជាមួយក្រុម Real Sociedad ក្នុងប្រទេសអេស្ប៉ាញនៅសប្តាហ៍ក្រោយ នៅពេលដែលក្រុម Premier League មួយនេះត្រូវតែសងសឹកការបរាជ័យរបស់ពួកគេនៅជើងទីមួយ ហើយឈ្នះដោយគ្រាប់បាល់ពីរគ្រាប់ក្នុងដំណើរការ ដើម្បីឈរនៅលើក្រុម និងជៀសវាងការលេងវគ្គ Play-off ដែលអាចប្រឈមមុខនឹងក្រុមទម្ងន់ធ្ងន់អឺរ៉ុបដូចជា Barcelona, Juventus ឬ Atletico Madrid ជាដើម។
គ្រាប់បាល់២គ្រាប់ទៀតក្នុងជ័យជម្នះនោះ គ្រាប់បាល់ដំបូងរកបានដោយ Diogo Dalot នៅនាទីទី៤៤ជាមួយនឹងការបញ្ជូនបាល់ពីជ្រុងរបស់ Christian Eriksen មួយនាទីមុនពេលសម្រាកតង់ទី១។ ចំណែកគ្រាប់បាល់ទី២រកបានដោយខ្សែប្រយុទ្ធ Rashford នៅនាទីទី៦៥ មុនពេល Ronaldo រកបានគ្រាប់បាល់ទី៣នៅនាទីទី៨១ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)