ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីខួបគម្រប់១៨ព្រះវស្សា ការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីខួបគម្រប់១៨ព្រះវស្សា ការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ។ 

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់១៨ឆ្នាំ ការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីសោមនស្សរីករាយ ឥតឧបមា – សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណា ថ្លៃវិសេស សូមព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាព មាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរម សិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្ត្រជាកូន ចៅ របស់ ព្រះអង្គ ជ្រកកោនដ៏ត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាព តរៀងទៅ។

ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវ ព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គ ប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ ជាព្រះរាជវ័រគំរូនៅក្នុងពុទ្ធចក្រ និងអាណាចក្រ ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិ មាតុភូមិ ជាអាទិភាព ធ្វើឲ្យប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានរស់នៅក្នុងសេចក្តី សុខក្សេមក្សាន្ត ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រួមទាំងទំនាក់ទំនងនយោបាយការទូតល្អ ធ្វើឲ្យ កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺសុះសាយថែមទៀត តាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយវរវន្ទាដល់ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរបរតនកោដ្ឋ សូមអភិបាលក្រោះ ព្រំគ្រងរក្សា ព្រះករុណា ព្រះបហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រោសមេត្តាទទួលនូវ ភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់៕

ដោយ : សិលា


ចែករំលែក៖